ក្រោយពីវីដេអូរបស់លោក សាន្ត ប៊ុនធឿន ដែលបានប្រើចរិកពាល ជេរនិងបោកចានច្រើនដង ពេលកំពុងឡាយវីដេអូផឹកស្រវឹង នៅខេត្តបន្ទាយមានជ័យផ្សព្វផ្សាយតាមបណ្ដាញសង្គមរួមមក, សម្តេច ហ៊ុន សែន ក៏បានចេញសារលើបណ្ដាញសង្គម ដោយស្នើឱ្យមេបញ្ជាការអង្គរក្សបណ្តេញចេញពីកងកម្លាំង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនារសៀលថ្ងៃ២១ សីហាឆ្នាំ២០២២ នេះថា ក្រុមគ្រួសារសម្ដេច ធ្លាប់ផ្តល់ប្រាក់ឲ្យសាន្ត ប៊ុនធៀន យកទៅទិញផ្ទះ និងឧបត្ថម្ភដល់លោក សាន្ត ប៊ុនធឿន ៥០០ដុល្លារ ក្នុង១ខែ ចាប់តាំងពីឆ្នាំ២០១៨មក។

សាររបស់សម្ដេចតេជោ ៖ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជា ឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព។

បើតាមអ្នកធ្លាប់ស្គាល់លោក​ សាន្ត ប៊ុនធឿន យូរឆ្នាំបានលួចប្រាប់ពីចរិកគាត់ថា ពេលផឹកស៊ី គឺគាត់តែងតែបែបហ្នឹង។ តែគាត់មានទឹកចិត្តល្អ គួរឲ្យកត់សម្គាល់ បើមានលុយត្រូវជួយ គឺជួយអស់ពីខ្លួន។ សង្ឃឹមថា នេះជាមេរៀនមួយឲ្យគាត់ភ្ញាក់រលឹក៕