ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម ​នៅ​កម្ពុជានិង​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្មែរ ​នៅតាម​ជនបទ ក្រុមហ៊ុន​ក្នុងស្រុក​មួយ ​បាន​សហការ​ជាមួយ​កសិករ​ក្នុងខេត្តគោលដៅ ដើម្បីផលិត​ស្រូវ​នាំចេញ​ ទៅកាន់​ក្រៅប្រទេស។

ថ្លែង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ជីវ អា​នុសន នាយក​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង ចំកាត់ បាន​លើកអំពី​គម្រោង​វិនិយោគទុន ​ជាមួយ​សហគមន៍​អឺរ៉ុប​លើ​វិស័យ​កសិកម្ម​ ថា ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ និង​កែច្នៃ​អង្ករ​ក្នុង​ខេត្ត​គោលដៅ​ចំនួន៤ គឺ​ខេត្តកំពង់ស្ពឺ កំពត តាកែវនិង​ខេត្តកណ្តាល ដោយបាន​អនុវត្ត​ ផលិតកម្ម​កសិកម្មតាម​កិច្ចសន្យា ​ជាមួយ​កសិករ​ជាង២ម៉ឺន​គ្រួសារ​ ដើម្បី​ផលិត​ស្រូវ​ហូប និង​ជាង ២ពាន់​គ្រួសារ​ទៀត​ ជា​អ្នក​ផលិត​ស្រូវពូជ តាមរយៈ​ការផ្តល់​ពូជ និង​បច្ចេកទេស រួច​ប្រមូល​ទិញ​មកវិញ ​ដើម្បី​ធ្វើការ​កែច្នៃ ​និង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប។

លោក​បន្តថា ទៅ​ថ្ងៃ​អនាគតក្រុមហ៊ុន​មាន​គម្រោង​ ពង្រីក​ផលិតកម្ម​បន្ថែម​ នៅតាម​ខេត្ត​ទូទាំងប្រទេស​ ដើម្បី​ជួយ​ឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន ក៏ដូចជា​ជួយ​ឱ្យ​ជីវភាព​របស់​កសិករ​កម្ពុជា​ កាន់តែ​ប្រសើរឡើង​តាមរយៈ​ការខ្ចី​ទុនវិនិយោគ​ពី​សហគមន៍​អឺរ៉ុប។

ទាក់ទង​នឹង​គម្រោង​វិនិយោគ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​នេះក្នុង​គោលដៅ ជួយ​ជំរុញ​ផលិតកម្ម​ពូជស្រូវ​សុទ្ធ​ល្អឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ​ជំរុញ​ការធ្វើ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវនិង​លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ តាមរយៈ​ការបង្កើន​ប្រាក់ចំណូលកាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក។

ឯកឧត្តម​រដ្ឋមន្ត្រីក៏បាន​ស្នើឱ្យ​ក្រុមហ៊ុនធ្វើការ​សហការ​ជាមួយនាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​នៃ​ខេត្ត​គោលដៅ ដើម្បី​ពិនិត្យ និង​សិក្សា​វាយតម្លៃ​ទៅលើ​គោលការណ៍​ច្បាប់និង​បច្ចេកទេស​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមុនសិន៕