វៀតណាម៖ ក្រុមហ៊ុនថាមពល Enterprize Energy របស់អង់គ្លេស នឹងចាប់ផ្តើមដំណើរការគំរោងថាមពលខ្យល់នៅដែនសមុទ្រក្នុងទុនវិនិយោគ១២ពាន់លានដុល្លារ នៅភាគកណ្តាលប្រទេសវៀតណាម នៅចុងឆ្នាំ ២០២៥។

ប្រធានក្រុមហ៊ុនលោក IanHatton បានស្នើឱ្យគម្រោងខ្យល់ ថាំងឡុងរបស់ក្រុមហ៊ុន នៅខេត្តប៊ិញធួនត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ថាមពលជាតិទី៨របស់វៀតណាមដែលកំពុងត្រូវបានព្រាងនៅពេលនេះ ដូច្នេះយ៉ាងហោចណាស់ផ្នែកមួយនៃគម្រោងអាចចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៥ ហើយបញ្ចប់នៅត្រឹមឆ្នាំ ២០២៨ ។

ថាមពលកកើតឡើងវិញគឺជាអាទិភាពមួយនៅក្នុងផែនការអភិវឌ្ឍន៍ដែលក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងដាក់ជូនរដ្ឋាភិបាលនៅខែក្រោយ។ ប្រហែល ៣៧,៥ ភាគរយនៃការផ្គត់ផ្គង់ថាមពលថ្មី នៅក្នុងទសវត្សរ៍បន្ទាប់នឹងបានមកពីថាមពលកកើតឡើងវិញ។

គម្រោងខ្យល់ថាំងឡុង ដែលមានកម្លាំង ៣.៤០០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅចន្លោះពី ២០ ទៅ ៦០ គីឡូម៉ែត្រ ពីឆ្នេរប៊ិញធួន(Binh Thuan) ដែលមានជម្រៅ៣០-៥៥ ម៉ែត្រ។ សហគ្រាសថាមពលដ៏ធំនេះ បាននិយាយថា ធនធានខ្យល់នៅក្នុងតំបន់នេះលើសពីការរំពឹងទុក៕