រាជធានី​ភ្នំពេញ៖ ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានប្រគល់ប្រព័ន្ធ​សន្និសីទ​វីដេអូ (Video conference system) សម្រាប់ក្រសួង និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្តទាំង២៥ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ពី​សំណាក់​​លោក ហ្វុង វ៉ាន់គឿង អគ្គនាយក​ក្រុមហ៊ុន វៀតធេល (ខេមបូឌា)។

ឯកឧត្តមរដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង ជាមួយ​ក្រុមហ៊ុន​មិត្តហ្វូន​នា​ពេល​កន្លងមក​រួមមាន ការ​បំពាក់​អ៊ីនធឺណិត​សម្រាប់​រដ្ឋបាល​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ គ្រឹះស្ថាន​សិក្សា​សាធារណៈ ការ​បំពាក់​ប្រព័ន្ធ​សន្និសីទ​វីដេអូ​សម្រាប់​ទីស្ដីការ​ក្រសួង​ក្នុង​កំឡុង​វិបត្តិ​កូវីត-១៩ ការ​បំពាក់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គ្រប់គ្រង​សាលារៀន (SIS) និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ផ្សេងៗ​ទៀត​សម្រាប់​ក្រសួង ដែល​ជា​ដៃគូ​មួយ​ដ៏​សំខាន់​របស់​ក្រសួង​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​បែប​ឌីជីថល​នៅ​ប្រទេស​កម្ពុជា។ 

ឯកឧត្ដម​ ​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​មិត្តហ្វូន និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ដែល​បាន​បំពាក់​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​បាន​ចំនួន ២៦៥​គ្រឹះស្ថាន ហើយ​ប្រព័ន្ធ​នេះ​កំពុង​មាន​អ្នក​ប្រើប្រាស់​ជា​គ្រូបង្រៀន​សរុប​ចំនួន ១៦ ០៧០​នាក់ សិស្ស​ចំនួន ៣១៨ ០៨០​នាក់ និង​អ្នក​អាណាព្យាបាល​សរុប​ចំនួន ៤១៥ ១០៥​នាក់។ 

ឯកឧត្ដម​ ក៏​បាន​ផ្ដល់​អនុសាសន៍​គាំទ្រ​ឲ្យ​ខិតខំ​ពង្រីក​វិសាលភាព​នៃ​គម្រោង​បន្ថែម​ទៀត​ឲ្យ​បាន​ទៅ​ដល់​សិស្ស​ជិត​២​លាន​នាក់ នៅ​ឆ្នាំ​២០២៥។

ប្រព័ន្ធ​សន្និសីទ​វីដេអូ​នេះ បាន​ប្រគល់​ជូន​ក្រសួង​ចំនួន​០១​ឈុត និង​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ចំនួន​២៥​ឈុត ដែល​ឈុត​នីមួយៗ​មាន​ប្រព័ន្ធ​វីដេអូ​០១​ឈុត (កាមេរ៉ា និង​ឧបករណ៍​ស្រូប​សំឡេង) ទូរទស្សន៍​ឆ្លាតវៃ​ទំហំ​៥៥​អ៊ីង​ចំនួន​០១ ខ្សែ​ភ្ជាប់​ពី​ទូរទស្សន៍​ទៅ​កុំព្យូទ័រ​ចំនួន​០១​ខ្សែ និង​អាជ្ញាប័ណ្ណ​កម្មវិធី ZOOM រយៈពេល​០១​ឆ្នាំ​សម្រាប់​អ្នក​គ្រប់គ្រង​រួម​នៅ​ទីស្ដីការ​ក្រសួង ហើយ​ប្រព័ន្ធ​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែ​សីហា ឆ្នាំ២០២២ នេះ​តទៅ៕