គិតត្រឹមថ្ងៃទី 6 ខែតុលា ខ្សែភាពយន្តរឿងភាគរបស់កូរ៉េ LittleWomen ដែលកំពុងដាក់បញ្ជាំង ត្រូវបានដកចេញពី Netflix Vietnam ដោយអ្នកទស្សនានៅក្នុងប្រទេសវៀតណាមមិនអាចមើលឃើញនោះទេ។ ការដកចេញនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណើរបស់អាជ្ញាធរវៀតណាម។
រឿង Little Women ត្រូវបានដឹកនាំសម្ដែង ដោយផ្អែកលើប្រលោមលោកមួយកាលពីឆ្នាំ 1868 ដែលមានឈ្មោះដូចគ្នាដោយអ្នកនិពន្ធឈ្មោះ Louisa May Alcott។ រឿងនេះ ត្រូវបានចាក់បញ្ចាំងលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ tvN នៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2022។
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម អាជ្ញាធរបានកំណត់ថារឿងភាគនេះគឺជាការ"បំភ្លៃប្រវត្តិសាស្ត្រវៀតណាម និងបង្កាច់បង្ខូចប្រទេស ក៏ដូចជាការបំពានលើច្បាប់សារព័ត៌មានរបស់វៀតណាម"។
រឿង Little Women ដែលដឹកនាំផលិតដោយក្រុមហ៊ុន Studio Dragon បានបំពានប្រការ ៤ មាត្រា ៩ នៃច្បាប់សារព័ត៌មានវៀតណាមដែលហាមប្រាមការផ្សាយព័ត៌មានដែលអាចញុះញង់ឱ្យមានសង្រ្គាម រំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់វៀតណាម បំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធិផលបដិវត្តន៍ឬប្រមាថជាតិ។
ក្នុងសាច់រឿងនេះមានឃ្លាមួយនិយាយថា ទាហានកូរ៉េម្នាក់ អាចសម្លាប់ទាហានវៀតកុង២០នាក់ភ្លាមៗ។ ហើយ«ទាហានកូរ៉េ ជាវីរបុរសនៅក្នុងសង្គ្រាមវៀតណាម»៕