Image

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីកីឡាករលំដាប់ពិភពលោកមួយរូប។ ជាអត្តពលិកឆ្នើមផ្នែកកីឡាបាល់ទាត់ និងធ្វើបានកំណត់ត្រាទទួលបានពានជាច្រើនក្នុងអាជីព រ៉ូណាល់ដូជាកីឡាករជោគជ័យមួយរូប ក៏ដូចជាបុគ្គលមានឥទ្ធិពលក្នុងវិស័យកីឡា។ ងាកមើលចំណុចខ្លះៗដែលគេអាចសម្គាល់ឃើញថាកីឡាករព័រទុយហ្គាល់រូបនេះ ពិតជាធ្វើបាន ដោយផ្សារភ្ជាប់ទៅនឹងវិន័យរបស់ខ្លួនដែលយើងអាចសរសើរលោកថា ជាមនុស្សដែលអាចប្រកាន់ខ្ជាប់វិន័យ និងមានការតាំងចិត្តខ្ពស់។ ចំណុចទាំងនោះពីរ៉ូណាដូដែលជាចំណុចគំរូគឺមានដូចខាងក្រោមនេះ៖

/. វិន័យរបស់ខ្លួន

រ៉ូណាល់ដូធ្លាប់លើកឡើងថា “ទេពកោសល្យ” គឺពិតជាមានចំណែកសំខាន់ក្នុងជីវិតការងារដើម្បីទទួលបានជោគជ័យ ប៉ុន្តែ”វិន័យផ្ទាល់ខ្លួន​” សម្រាប់បំពេញការងារពិសេសអាជីពកីឡាបាល់ទាត់ដូចជារូបលោក គឺពិតសំខាន់ណាស់។ វិន័យការងារ ខ្ញុំគិតថាគឺពិតជាមានន័យពួកយើងគួរតែមានអ្វីម្យ៉ាងជាវិន័យសម្រាប់បំពេញអាជីពទាំងនោះយើងអាចបង្កើតវាដោយខ្លួនឯងបាន ដើម្បីទៅរកអ្វីដែលយើងចង់បាន។ ការលើកឡើងពីកីឡាករលេខ៧របស់ក្លិប Manchester United។

/. ការព្យាយាមហ្វឹកហាត់

Cristiano ជឿថារាល់ការហ្វឹកហាត់ដោយខិតខំព្យាយាម នឹងអាចចេញអនុវត្តចំពោះកិច្ចការងារដែលត្រូវធ្វើនៅទីលាន។ក៏ដូចជា កិច្ចការងារផ្សេងៗផងដែរ មុននឹងចុះទៅផ្ទាល់ ចេញបេសកកម្មចំណុចមួយចំនួនក៏ទាមទារឱ្យអ្នកអាចហ្វឹកហាត់ជាមុនផងដែរ ដើម្បីទំនុកចិត្ត និងថ្នឹកទៅនឹងបទពិសោធទាំងនោះ។ដូចនេះការឆ្លៀតពេលហ្វឹកហាត់លើចំណុចណាខ្លះ ដែលអាចជម្រុញអ្នកឱ្យមានភាពល្អប្រសើរក្នុងកិច្ចការងារផ្សេងៗគឺពិតជាផ្តល់ផលល្អដល់អ្នកច្រើន។

/. ការលះបង់រៀងរាល់ថ្ងៃ

កីឡាករព័រទុយហ្គាល់លំដាប់ពិភពលោករូបនេះបាននិយាយថា អ្នកគួរតែលះបង់ដោយការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃឆ្ពោះទៅរកអ្វីដែលគោលដៅនិងក្តីសុបិន្តរបស់អ្នក។ មិនគួររកហេតុផលជាលេស ទុកគោលដៅអ្នកចោល មិនរត់ទៅរកវានោះទេ។ មួយថ្ងៃៗគឺជាជំហានផ្តុំគ្នាទៅរកជោគជ័យធំមួយនៅថ្ងៃណាមួយដែលអ្នកអាចជួបវាឬមិនជួបវា តាមការខិតខំរបស់អ្នក។

Image

៤/. បំពេញបន្ថែម

ពិតមែន ជំនាញរ៉ូណាល់ដូពិតជាល្អគ្រប់គ្រាន់ក្នុងការប្រកួតប៉ុន្តែទោះជាយ៉ាងនេះក្តី កីឡាកររហ្សសនាម CR7 រូបនេះមិនឈប់រកចំណុចខ្វះខាតមកបន្តអភិវឌ្ឍខ្លួនបន្ថែមនោះទេ។ មានពេលច្រើនណាស់ដែលគេអាចឃើញរ៉ូណាល់ដូហ្វឹកហាត់បន្ថែមពីការហ្វឹកហាត់ជាមួយក្រុម។ ជំនាញ តាក់តិច និងភាពរួសរវើកនៃចលនាសកម្មភាពកីឡារបស់លោកគឺបានមកពីកិច្ចការបន្ថែមនោះ។ ត្រឡប់មកវិញ ជំនាញបន្ថែមអ្នកនៅតែអាចបន្តអភិវឌ្ឍវាដល់កម្រិតប្រសើរមួយហើយអ្នកអាចឈានទៅរកជំនាញបន្ថែមបន្តបន្ទាប់ទៀត។

៥/. ការរិះគន់

មែនហើយទម្រាំមានឈ្មោះជាកីឡាករលំដាប់ពិភពលោកមានអ្នកគាំទ្រសឹងមួយចំហៀងផែនដី រ៉ូណាល់ដូក៏ធ្លាប់រងការរិះគន់ពីចំណុចខ្លះៗផងដែរប៉ុន្តែទាំងនោះគឺជាចំណុចខ្វះខាត ដែលបានប្រាប់ឱ្យ ម្ចាស់ពាន Ballond'Or រូបនេះ ខិតខំអភិវឌ្ឍខ្លួនបានមកទល់សព្វថ្ងៃ។ “វាជាចំណុចដែលយើងអាចរៀន ទោះបីពីអ្នករិះគន់អ្នកក៏ដោយ”។ រ៉ូណាល់ដូធ្លាប់លើកឡើង ដែលកាលនោះ លោកជាកីឡាករមួយរូបដែលធ្លាប់រងការនិយាយថា ជាកីឡាករកាយសម្បទាស្គមមិនមាំទាំ។ ប៉ុន្តែជំនួសវិញលោកក៏ក្លាយជាកីឡាករដែលជោគជ័យ និងកាយសម្បទារឹងមាំ ជាមនុស្សមានឥទ្ធិពលដល់អ្នកជំនាន់ក្រោយទៅវិញដែលទាំងនេះហើយជាមេរៀនពីការរិះគន់ ប៉ុន្តែយកមកស្ថាបនាខ្លួនឯង៕