រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី២៦ មេសានេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីវិជ្ជមានកូវីដ១៩ ចំនួន ៥៨០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ១៧៧នាក់។ សម្រាប់ក្រុងភ្នំពេញ ការឆ្លងស្ថិតនៅខ្ទង់រយ បើទោះបីជាមានការ Lock Down ទីក្រុងភ្នំពេញ និងតាខ្មៅនៃខេត្តកណ្ដាល កាលពីថ្ងៃទី១៥មេសា​ដែលមកដល់ពេលនេះជាង១០ថ្ងៃហើយក៏ដោយ។ ដោយឡែកការឆ្លងថ្មីនេះ មានតួលេខខ្ពស់ចំពោះខេត្តព្រះសីហនុ ៩១នាក់ និងខេត្តបន្ទាយមានជ័យ ជិត១០០នាក់ផងដែរ។

ក្នុងសេចក្ដីប្រកាសជាផ្លូវការ បានបង្ហាញថា អ្នករងចាំកន្លែងព្យាបាលមានដល់ ៣១៦៤នាក់ និងតួលេខនៃការស្លាប់សរុបអ្នកស្លាប់ ៧៩នាក់។ ​មកទល់ថ្ងៃនេះ សរុបកំពុងព្យាបាល ៦៨៩២នាក់ និងអ្នកជាសះស្បើយសរុប ៣៥៧៧នាក់។

ទិន្នន័យការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស គិតថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១​ សរុបចាក់បានចំនួន៖ ១,២៩៥,៦៦០នាក់  ក្នុងនោះមាន ក្រសួងសុខាភិបាល = ១,០០១,១១៧ នាក់ និងក្រសួងការពារជាតិ = ២៩៤,៥៤៣នាក់។ តួលេខនេះ បានបង្ហាញពីការនាំមុខ នៃការចាក់វ៉ាក់សាំងការពារកូវីដដល់ពលរដ្ឋរបស់ខ្លួន ធៀបនឹងក្នុងប្រទេសអា៊សាន បន្ទាប់ពីសិង្ហបុរីដែលចាក់បានច្រើនបំផុត៕