រាជធានីភ្នំពេញ៖  នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីបំភ្លឺចំពោះ​មតិមួយ​ចំនួន​លើក​ទ្បើង​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ពាណិជ្ជកម្មលើថ្លៃ​ទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក ​និងថ្លៃនៅប្រទេសជិតខាង​ប្រទេសកម្ពុជា។​ 

មតិសាធារណៈ​មួយ​ចំនួន​មិន​បាន​ឆ្លុះ​បញ្ចាំង​ពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់​ដោយ​រដ្ឋធម្មនុញ្ញ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើលិខិតបំភ្លឺជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានខ្លឹមសារពេញដូចខាងក្រោម៖

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមាន​កំណត់​ក្នុង​ច្បាប់ ហើយត្រូវយក​ចិត្ត​ទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និង​ជួយ​រកទីផ្សារលក់ផលិតផល។ ផ្អែកតាម​គោល​ការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្ម​បានចរចា​បើក​ច្រក​ទីផ្សារ​ក្រៅ​ប្រទេស​ដោយ​មិន​ចាំបាច់​បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារ​ឱ្យ​មាន​ការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និង​ទំនិញ​នានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះ​ឡើយ។ ជាទូទៅ ការអនុវត្ត​យន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និង​អាស៊ាន​ផងដែរ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់​នៅ​ក្នុង​​លិខិតបទ​ដ្ឋាន​ច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់​នីតិវិធី​ច្បាស់​លាស់។

២. ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និង​អនុក្រឹត្យ​លេខ១៧ អនក្រ.បក ​ចុះ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណ​អនុញ្ញាត​ការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់​ក្រសួង​ពាណិជ្ជកម្មទ្បើយ។ ការធ្វើតុល្យភាព​នៃ​សេចក្តីត្រូវ​ការ​ក្នុង​ស្រុក​ជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូល​ក្នុងបរិមាណ​ណាមួយ គឺជាសិទ្ធិសម្រេច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។

៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និង​វិធានការ​ណាមួយសម្រាប់​គ្រប់​គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការ​នៅលើ​ទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។ លើកលែងតែ ក្នុង​ករណី​មាន​របាយការណ៍​ស៊ើបអង្កេតដែលអាច​បញ្ជាក់បានថា មានមុខទំនិញ​នាំចូល​ជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់​ទាប​ជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញ​នាំចូលនោះត្រូវ​បាន​នាំចូល​ដោយ​មាន​ការ​កើន​ទ្បើង​ដោយ​គំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្ត​វិធានការ​នានា រួមទាំង​ការ​កំហិតបរិមាណ និងដំឡើង​ពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយ​ផល​ប៉ះពាល់​​ជា​អវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។

៤. សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹង​ស្តីពីថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់​ថ្លៃលក់​រាយ​នៃ​ប្រេង​ឥន្ធនៈ​នៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយ​តម្លាភាព​នូវ​ការ​ឡើង​ចុះនៃ​ថ្លៃនៃ​ប្រេង​ឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុង​ទីផ្សារ​អន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តា​នានា​ទាក់​ទង​នឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជន​ជ្រាបអំពី​ថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុន​ប្រេង​ក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមាន​ភារកិច្ច​សហការ​ជា​មួយ​អាជ្ញាធរថ្នាក់ក្រោម​ជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់​ចេញនូវវិធានការណាមួយ ដែលអាចជួយ​សម្រួល​ដល់លំហូរ​ទំនិញ​នៅក្នុង​ស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរី​តែប៉ុណ្ណោះ។

៦. ពាក់ព័ន្ធ​នឹង​​សំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់​មុខ​ទំនិញ​យុទ្ធសាស្រ្ត​ណាមួយនៅលើ​ទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យ​មាន​កិច្ចប្រជុំពិភាក្សា​ក្រោមក្របខ័ណ្ឌ​គណៈ​កម្មា​ធិការ​គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹង​គោរពស្នើ​សុំ​អនុសាសន៍​​ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លើបញ្ហានេះ៕