រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពីការដាក់ឱ្យដំណើរការប្រព័ន្ធ QR Code "បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine" ចាប់ពីថ្ងៃទី ១៨ តុលា ២០២១ នេះតទៅ។

QR Code ថ្មីនេះ ជាការកែសម្រួលមុខងារទៅលើ QR Code ចាស់ដោយបន្ថែមព័ត៌មានចាក់វ៉ាក់សាំង លើប្រព័ន្ធ​QR Code ទប់ស្កាត់កូវីដ ដែលមានស្រាប់។

QR Code "បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine" មានមុខងារសំខាន់ចំនួន៣ គឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (២)គ្រប់គ្រងការធ្វើចត្តាឡីស័ក និង​(៣)បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ១៩ របស់បុគ្គលម្នាក់ៗ។

ក្រសួងក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើ QR Code នេះដោយអាចសម្រួលដល់ការមិនបាច់យក បណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលានោះទេ ព្រមទាំងអាចកាត់បន្ថយនៃការបន្លំបណ្ណផងដែរ៕