រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងជាមួយអង្គការ WCS ដើម្បីអនុវត្តគម្រោងនៅតំបន់ការពារធម្មជាតិចំនួន៤ គឺ (១) តំបន់ទេសភាពភាគខាងជើងភូមិសាស្ត្រខេត្តព្រះវិហារ (២) ដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ (៣) តំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្ត្រខេត្តបាត់ដំបង និង(៤) តំបន់ភាគខាងត្បូង និងខាងជើងទន្លេសាប ភូមិសាស្ត្រខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យនិងពោធិ៍សាត់។

ពិធីនេះបានរៀបចំធ្វើឡើងនាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា នៃក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអង្គការ WCS។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម បានអរគុណអង្គការ WCS ដែលបានចូលរួមសហការផ្តល់ការគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស ស្មារតី និងហិរញ្ញវត្ថុរហូតធ្វើឱ្យសម្រេចបាននូវការអនុវត្តផែនការយុទ្ធសាស្ត្រគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសមិទ្ធផលផ្សេងៗទៀតក្នុងវិស័យការងារអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជា៕