រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឲ្យមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង ពិចារណា លើការដកអាជ្ញាបណ្ណបណ្តុះបណ្តាលបើកបរយានយន្ត ដែលបានចេញទៅឱ្យក្រុមហ៊ុនទាំងឡាយដែល មិនបានធ្វើប្រតិបត្តិការរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកថ្លែងបែបនេះ ក្នុងកម្មវិធីដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតនៅតំបន់សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨-១៩ រាជធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូន កុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ និងសូមកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច។

គួរកត់សម្គាល់ថា៖ បច្ចុប្បន្ននេះ កម្ពុជាកំពុងមានការខ្វះខាតអ្នកបើកបររថយន្តដឹក២០ មានចំនួនសរុប ៣២៥.៥០៨គ្រឿង ចំនួនអ្នកមានបណ្ណបើកបររថយន្តប្រភេទ D1, D2, BE, CE មានចំនួន ២១.៨៦៤០ បណ្ណ ស្មើនឹង ៦៧% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ក្បាលសណ្តោងគ្រឿងចក្រ និងប្រភេទរថយន្តធុនធ្ងន់មួយចំនួនទៀត ដែលតម្រូវឱ្យមានបណ្ណបើកបរ ប្រភេទ C ដែលបានចុះបញ្ជីមានចំនួន ១០៥.៩០៣ គ្រឿង ក្នុងនោះចំនួនអ្នកមានបណ្ណបើកបររថយន្ត ប្រភេទC មានចំនួន ៨៤.៩០០បណ្ណ ស្មើនឹង ៨០% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី៕