ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៩ តុលា ឆ្នាំ ២០២០ និងយោងតាមការវិវត្តជាក់ស្ដែងនៃស្ថានភាពអាកាសធាតុបង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាបហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active Low) នៅចុងនៃប្រព័ន្ធសម្បាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកទី ១០ ខែតុលា ឆ្នាំ ២០២០ នេះ។

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុងសេចក្ដីប្រកាសបានបន្តថា លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើនថ្លៃនៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្ដាខេត្តភាគពាយ័ព្យនិងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្ដជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រនិងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើសូមក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើសូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕