ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ដោយបាននាំយកឱកាសការងារជិត ១,៣០០កន្លែង មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី «វេទិកាការងារប្រចាំខែកុម្ភៈ»។
ក្រុមហ៊ុនធំៗទាំង១០ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន DKSH, ក្រុមហ៊ុន KOH THMEY TECNOLOGY CO.,Ltd, ក្រុមហ៊ុន Comin Khmere, ក្រុមហ៊ុន GFX Investment Co.,Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន GGEAR Group, គ្រឹះស្ថានហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន,ក្រុមហ៊ុន DINOSAURS ALIVE, ក្រុមហ៊ុន Vital និង Nham24។
ការរៀបចំកម្មវិធីនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់ សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh។
សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង០៨៖០០ ព្រឹកដល់ម៉ោង០៥៖០០ល្ងាច នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕