សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស
រាជធានីភ្នំពេញ៖ លើកឡើងពីវឌ្ឍនភាពនៃការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ លើទំព័រផ្លូវការរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបង្ហាញថា ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហ.ត ស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហ.ត ។
យោងតាមលទ្ធផលខាងលើ យើងបានពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ ក្នុងនេះមាន៖
១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហ.ត
២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហ.ត
៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហ.ត
៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហ.ត និង
៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហ.ត ។
ទន្ទឹមនឹងប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រោះ ក៏ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហ.ត ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោន/ហ.ត ។
យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖ ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦ លានតោន។ ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន ។
ដោយឡែកចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១៧០រៀល/គីឡូក្រាម៕