រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះទេ។ 

កន្លងមក គយ នៅហុងកុង បានចុះផ្សាយពីការរឹបអូសឈើ ដែលគេសង្ស័យថា មានចំនួន៧កុងតឺន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង នៅកន្លែងត្រួតពិនិត្យ ទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាត ឲ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។

ក្រសួងកសិកម្ម ក៏បានបញ្ជាក់ក្នងប្រកាសព័ត៌មាន កាលពីថ្ងៃ១៤ ឧសភាដែរថា ក្នុងករណីព័ត៌មានដែលគយ ហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា ជាការពិតមែននោះ គឺជាករណីនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាននិងកំពុងយកចិត្តទុកដាក់ធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួលទោសតាមច្បាប់ជាធរមាន៕