រាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ១៨,៥លានដុល្លារអាមេរិក ពីប្រភពនានាដូចជា វិភាគទានរបស់រាជរដ្ឋាភិបាល, កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ។ 

បើប្រៀបធៀបនឹងឆ្នាំ២០២០ ថវិកាបរិច្ចាគដែល មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមានការកើនឡើង ១១,៦% ដោយទទួលបានសមាជិកសរុបចំនួន ១៥០ ០០០នាក់។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ប្រមាណ ៤,៥លានដុល្លារអាមេរិក។

នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃអង្គារ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២។

របាយការណ៍ពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង បានរំលេចពីចំនួនអ្នកជំងឺជាកុមារ មកពិគ្រោះនិងព្យាបាលនៅផ្នែកពីគ្រោះជំងឺក្រៅ មាន ៣៨៥ ៥១៩នាក់ អ្នកជំងឺកុមារចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៨០ ៦៧២នាក់ ស្រ្ដីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព មាន ៦២ ៥៣៩នាក់, ស្រ្ដីមានផ្ទៃពោះបានសម្រាកនិងសម្រាលកូន ១៩៥០៦នាក់, សម្រាកព្យាបាលជំងឺកូវីដ១៩ មាន ២៩០០នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៦៧០នាក់ និងវះកាត់សរុប ២៣ ៨៥៥នាក់។

សូមជម្រាបជូនដែរថា របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០នៃ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានធ្វើសវនកម្មឯករាជ្យ ដោយក្រុមហ៊ុនអន្តរជាតិឈ្មោះថា PriceWaterHouseCooper ផងដែរ។