រាជធានីភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា មានការថយចុះជាបន្តបន្ទាប់ ដែលថ្ងៃ១៧ ធ្នូ ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាស ចំនួនអ្នកឆ្លងថ្មី មានត្រឹម ៨នាក់(លទ្ធផល​PCR) ជាសះស្បើយថ្មី ១២នាក់ ស្លាប់ថ្មី៣នាក់ ដែលនាំឲ្យអ្នកស្លាប់សរុបឡើងដល់ ៣០០១នាក់ (ភាគច្រើនមិនបានចាក់វ៉ាក់សាំងការពារ )។ តួលេខក៏បានបង្ហាញដែរថា អ្នកកំពុងព្យាបាលជំងឺកូវីដមាន ៦៣៣នាក់ប៉ុណ្ណោះ និងមានតែ១ករណីប៉ុណ្ណោះ ជាករណីនាំចូលវីរុសបំប្លែងថ្មី Omicron ។

៣ថ្ងៃចុងក្រោយនេះ ការឆ្លងកូវីដនៅកម្ពុជា ស្ថិតក្រោម១០នាក់ ដែលជាចំនួនដ៏ទាបបំផុត គិតចាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ក្នុងខែកុម្ភៈ ឆ្នាំ២០២១ នៅកម្ពុជា។ 

តួលេខអ្នកឆ្លងនេះ ស្ថិតក្នុងកម្រិតទាបបំផុត ធៀបនឹងប្រទេសក្នុងតំបន់និងប្រទេសជិតខាង។ ដោយក្នុងថ្ងៃដូចគ្នា ការឆ្លងនៅប្រទេសវៀតណាម មាន១៥,២៧០នាក់ ការឆ្លងនៅប្រទេសថៃ មាន៣,៦៨៤នាក់ ការឆ្លងនៅប្រទេសឡាវ នាក់១,៤៩៣នាក់។

សូមជម្រាបជូនដែរថា ចំនួនអ្នកដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅកម្ពុជា (ចាប់ពីអាយុ ៥ឆ្នាំឡើង) ត្រឹមថ្ងៃ១៦ ធ្នូ ២០២១នេះ គឺមានដល់ជាង ៨៨.៨០% នៃប្រជាជន ១៦លាននាក់ ដែលក្នុងនោះអ្នកបានចាក់វា៉ក់សាំងដូសទី៣ មានដល់ ២.៩៧លាននាក់រួចទៅហើយ៕