រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ច ព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement - FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ដូច ដែលធ្លាប់បានអនុវត្តកន្លងមកសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

កិច្ចព្រមព្រៀងក្របខណ្ឌនេះ ផ្តល់មូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនYCH ដើម្បីរៀបចំ បង្កើត និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ(PPLC) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប លំដាប់ពិភពលោក ធ្វើឱ្យប្រសើរឡើងដល់លំហូរដំណើរការភ័ស្តុភារកម្ម រួមទាំងមានការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យ ភ័ស្តុភារកម្មផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ(PPLC)នេះនឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេសវានឹងក្លាយជាកម្លាំងចលករប្រកបដោយសក្កានុពលក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើប ស្ទុះឡើង សំដៅសម្រេចបាននូវចក្ខុវិស័យលើការអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

អត្ថប្រយោជន៍នៃគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ជាគម្រោងយុទ្ធសាស្រ្តមួយមានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពីបណ្តាញផ្លូវ ជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជា ចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្ថិតក្នុង ចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ផងដែរដោយហេតុថាកម្ពុជាមានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

លើសពីនេះទៀត មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ៕