គម្រោងសាងសង់សំណង់សម្រាប់ឱ្យវិស័យបដិសណ្ឋារកិច្ចទេសចរណ៍នៅក្នុងខេត្តកំពត នៅតែបន្តសកម្មភាព និងមានកំណើនជាបន្តបន្ទាប់ ពិសេសនៅតាមតំបន់កម្សាន្តធម្មជាតិដូចជាតាមដងព្រែក និងតំបន់ជើងភ្នំ ដែលកំពុងមានជាច្រើនកំពុងសម្រុកសាងសង់ក្រោមទុនវិនិយោគដោយផ្ទាល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក។  

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹង កម្ពុជាកំពុងជួយបញ្ហាប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ ចាប់តាំងពីដើមឆ្នាំ២០២០ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ  ប៉ុន្តែសម្រាប់សកម្មភាពនៃការសាងសង់សំណង់ បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពតគឺមិនអ្វីប្រឈមនោះទេ។

លោកប្រធានមន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថា «ចាប់តាំងពីដើមឆ្នាំ២០២០ រហូតល់ដល់ពេលនេះ យើងមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដមែន ប៉ុន្តែ សម្រាប់ការអភិវឌ្ឍសេវាកម្ម និងសំណង់ដែលបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពតនៅតែមានជារៀងរាល់ថ្ងៃ» ។ 

លោកបន្តថា «យើងសង្កេតឃើញថា សំណង់ដែលសាងសង់រួចរាល់ និងសំណង់ដែលកំពុងសាងសង់មានការរីកដុះដាលច្រើនទំាងនៅក្នុងក្រុង និង នៅតាមដងព្រែកនៃខេត្តកំពត»។

លោកថា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩មុនពេលមានវិបត្តិ គឺមានការថយចុះច្រើន ប៉ុន្តែបើប្រៀបធៀបនឹងបណ្តាខេត្តដទៃទៀត ជាពិសេសនៅក្នុងស្ថានភាពជាក់ស្តែងនៅពេលនេះ ខេត្តកំពតនៅតែបន្តដំណើរការទៅមុខដោយគ្មានការរាំងស្ទះនោះទេ ខណៈដែលអ្នកវិនិយោគក៏ដូចជាអ្នកអភិវឌ្ឍន៍នៅតែបន្តសកម្មភាពរបស់ពួកស្ទើរគ្រប់គម្រោង។ 

លោក អ៊ី សារ៉ន អ្នករកស៊ីដីធ្លីនៅក្នុងខេត្តកំពតបានឱ្យដឹងថា  នៅក្នុងខេត្តកំពតនេះ មានគម្រោងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបែបលំហែរកាយច្រើន ដោយសារខេត្តនេះមានភាពអំណោយផលទាំងភូមិសាស្ត្រ និងតំបន់ដែលមានការទាក់ទាញខ្លាំងលើវិស័យទេសចរណ៍ បើធៀបជាមួយនឹខេត្តផ្សេងទៀត។

លោកបន្តថា “បើនិយាយពីវិស័យអចលនទ្រព្យមានការរីកចំរើនគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងខេត្តកែបដែលស្ថិតនៅជាប់គ្នា និងតំបន់ឆ្នេរសមុទ្រដូចគ្នា ដោយក្នុងនោះយើងឃើញជាក់ស្តែងមានការអភិវឌ្ឍន៍ទាំងទីផ្សារដីឡូតិ៍ ផ្ទះល្វែងតម្លៃមធ្យម ផ្ទះលំហែរកាយ ទាំងកម្រិតមធ្យម និងកម្រិតខ្ពស់ដែលមានតម្លៃចាប់ពី៧ម៉ឺនដុល្លារឡើងទៅដល់១០ម៉ឺនដុល្លារជាដើម”។

លោកបានអះអាងថា កំណើននៃការអភិវឌ្ឍអចលនទ្រព្យដែលស្ថិតនៅក្នុងវិស័យទេសចរណ៍ទាំងនេះ ក៏ព្រោះតែ កំពត គឺខេត្តមួយក្នុងចំណោមខេត្តរបស់កម្ពុជាដែលមានភាពរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ហើយក៏នៅមិនឆ្ងាយពីភ្នំពេញដែរ។ 

លោកបានព្យាករថា មិនយូរទៀតទេ ខេត្តជាប់តំបន់សមុទ្រ និងភ្នំមួយនេះនឹងត្រូវបានជ្រើសរើសជាគោលដៅយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់រាជរដ្ឋាភិបាលបន្ទាប់ពីខេត្តសៀមរាបជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្នគម្រោងសាងសង់ និងកែលម្អរផ្លូវជាតិលេខ៣ ជិតបានបញ្ចប់ ហើយនឹងបន្តទៅផ្លូវជាតិលេខ៣៣ទៀត៕