បន្ទាយមានជ័យ ៖ ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្ត ស្រះកែវប្រទេសថៃ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការនៅអំឡុងឆ្នាំ២០២៣ខាងមុខនេះ ខណៈការសាងសង់ សម្រេចបានប្រមាណ៨០% ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ 

បច្ចុប្បន្នភាគីថៃ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ នៅឡើយតែខាងកម្ពុជា ដែលកំពុងសម្រុកការសាងសង់ អគារការិយាល័យគយ និងអគារមួយចំនួន។

ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយមានទុនវិនិយោគជាង២៦លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន របស់រាជរដ្ឋាភិបាលថៃ។ តាមគម្រោងច្រកព្រំដែនអន្តរជាតិនេះសាងសង់ឡើងសម្រាប់បម្រើឲ្យតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ៕