ខេត្តព្រះសីហនុ៖ ការប្រកួតកីឡាទូកក្ដោង ជ្រើស​រើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រ​កួត​ផ្លូវ​ការ​ហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោម​អធិ​ប​តី​ភាព​ឯក​ឧត្តម​ ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​ប្រ​កួត ។

លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈ​កម្ម​ការ​ប្រ​កួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទូក​ក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ក្នុង​ការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ដើម្បីឈានឆ្ពោះ​ទៅធ្វើម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩។ 

អត្តពលិកជាង ១០ប្រទេសត្រៀមចូលរួម តែ​ដោយ​សារ​បញ្ហា​នៃជំងឺរាតត្បាតជាសកលកូវីដ-១៩ បាន​ធ្វើមានការលុបចោលជើង​ហោះ​ហើរ​មក​កម្ពុជា។ តែលោកសង្ឃឹមយ៉ាងមុតមាំថា ការ​ប្រកួត​លើក​ក្រោយ ប្រទេសទាំងអស់ នឹង​បានចូលរួមការប្រកួតនៅ​កម្ពុជា​ទាំង​អស់​គ្នា។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារ​ស្វា​គមន៍​យ៉ាង​កក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣​ប្រ​ទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែល​បាន​ចូល​រួម​ការ​ប្រ​កួត​ផ្ទាល់ នៅខេត្តព្រះសីហនុ ។

សូមជម្រាបជូនដែរថា ការប្រកួតកីឡាទូកក្ដោង ជ្រើសរើស​ជើងឯកអាស៊ី​អា​គ្នេយ៍ ឆ្នាំ២០២១ គឺមានអត្តពលិក ៣ប្រទេសចូលរួម ស្មើនឹង​កីឡា​ករ​-​កី​ឡា​ការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា នៅ​តំបន់​ឆ្នេរ​សុខា ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ការប្រកួតនេះ សហការរៀបចំដោយ​សហព័ន្ធ​កីឡា​ទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយ​ទទួល​បាន​ការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមាន​ការគាំទ្រពីគណៈកម្មាធិ​ការជាតិ CAMSOC៕