ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ​ បានបង្ហាញថា ចំណូលសរុបពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គិតចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ មានចំនួន៣២៦,៣៣៨,៧២៨.៨៤ដុល្លារ

របាយការណ៍ដដែលបានបង្ហាញថា បរិមាណនៃការនាំចេញ៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤ ៥២៥តោន កើនឡើងចំនួន១៤ ៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ ៣៧៩ម៉ែត្រគូប។

តម្លៃលក់ជ័រកៅស៊ូមធ្យម មានការកើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំមុន ដោយចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ ថ្លៃ១ ៦៧៣ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៨៦ដុល្លារ ក្នុងមួយតោន ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោនប៉ុណ្ណោះ ដោយទទួលបានចំណូលជាង ៤៨២លានដុល្លារ។  ចំពោះទីផ្សារនាំចេញ ធំជាងគេ គឺទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕