រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ ។

ការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ ដែលមានចំនួនប្រមាណ ១លាន ៩សែន នឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ ដោយអាចនឹងចាប់ផ្ដើមពីទីក្រុងភ្នំពេញនិងខេត្តកណ្ដាល។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ៖ ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពសុាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន។ ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់យើងមានតម្រូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលទ្ធកម្មវ៉ាក់សាំង ឲ្យបន្តស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនក្មេងៗដែលមាន ប្រមាណជា ២លាននាក់នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មាតាបិតានិងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ។

ប្រសាសន៍អំពាវនាវ របស់សម្ដេចតេជោ៖ «ខ្ញុំសូមឱកាសនេះអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារត្រៀមខ្លួន ដើម្បីនាំកូននាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។  បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ។»