ឡាវ-ក្រុងវៀងចន្ទន៍៖ ការសាងសង់ផ្លូវដែក ឡាវ - ចិន បានបញ្ចប់ចំនួន ៨៩,៤៣ ភាគរយ ហើយគិតត្រឹមដំណាច់ខែឧសភានេះដោយអាជ្ញាធរឡាវ អំពាវនាវឱ្យអ្នកអភិវឌ្ឍន៍គម្រោង បន្ដដំណើរទៅមុខស្របតាមផែនការ។

នេះបើតាមការដកស្រង់សម្ដី របស់លោកអគ្គនាយក Xiao Qianwen នៃក្រុមហ៊ុនផ្លូវដែកឡាវ - ចិន ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលបន្ទុកសាងសង់និងប្រតិបត្តិការផ្លូវដែក បានជម្រាបជូនលោក ឧបនាយករដ្ឋមន្រ្តី បណ្ឌិត ប៊ុនថុង ជិតម៉ានី ក្នុងដំណើរទស្សនកិច្ចពិនិត្យការដ្ឋានសាងសង់គម្រោង។

គម្រោងផ្លូវដែកឡាវ-ចិន នេះមានប្រវែងជាង ៤០០ គីឡូម៉ែត្រ ដែលរត់កាត់រដ្ឋធានីវៀងចន្ទន៍ និងខេត្តចំនួនបួនគឺទីក្រុងវៀងចន្ទន៍ ហ្លួងប្រាបាង ឧត្តមសាយនិងហ្លួងណាមថា ដែលមានព្រំប្រទល់ជាមួយប្រទេសចិន។

តាមផែនការដើម គម្រោងសាងសង់ដែលមានតម្លៃ ៥,៩៨៦ ពាន់លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ហើយដាក់ឲ្យដំណើរការនៅដើមឆ្នាំ​២០២២។ ល្បឿនដែលបានរចនាឡើង សម្រាប់រថភ្លើងដឹកអ្នកដំណើរគឺ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលល្បឿន២០០ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងត្រូវប្រើលើតំបន់រាបស្មើរវាងទីក្រុងវាំងវៀង និងទីក្រុងវៀងចន្ទន៍។

ប្រភពពី Vientiane Times