រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៩៤២លើក ស្មើនឹង ២៣% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ ចំនួនអ្នកស្លាប់បានថយចុះចំនួន ៣៣៥នាក់ ស្មើនឹង១៧% និងចំនួនអ្នករបួសបានថយចុះចំនួន ១.៤៥៥នាក់ ស្មើនឹង ២៤% គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមិនគោរពច្បាប់ចរាចរណ៍។

លទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយការច្នៃប្រឌិត និងមានយុទ្ធសាស្ត្រច្បាស់លាស់ និងក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ក្រសួងសាធារណៈការនិងដឹកជញ្ជូន នឹងជំរុញការដឹកជញ្ជូនតាមផ្លូវដែក បន្តយុទ្ធនាការចុះអប់រំច្បាប់ចរាចរណ៍ដល់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរ ចែកមួកសុវត្ថិភាព ស្ទីកឃ័រចំណាំងផ្លាត បំពាក់កាមេរ៉ាតាមដងផ្លូវនិងស្ពាន ជំរុញដឹកជញ្ជូនតាមផ្លូវដែក សិក្សានិងរៀបចំវិធានការបំពាក់ប្រព័ន្ធ GPS តាមដានរថយន្តដឹកទំនិញផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបាន និងកំពុងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាដើម្បីកត់ត្រា និងកាត់ពិន្ទុចំពោះអ្នកបើកបរបំពានច្បាប់ចរាចរណ៍ និងឈានទៅដកបណ្ណបើកបរតែម្ដង ប្រសិនបើអ្នកបើកបរណានៅតែបំពានច្បាប់ចរាចរណ៍ និងអភិវឌ្ឍកម្មវិធីផ្សេងៗទៀតសម្រាប់អប់រំនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ រួមទាំងមតេ្តយ្យសិក្សាផងដែរ៕