រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ ហើយសម្ដេចក៏ត្រៀម លក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។  នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាព្រឹកទី ២៥ វិច្ឆិកា ២០២០។

បន្ថែមពីនេះ សម្ដេចតេជោ បានបន្តមានប្រសាសន៍លើកឡើងថា៖ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១រូប បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី ។ ​ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងប្រមាណ ៥,០០០នាក់ ក្នុងនោះមានស្រ្តីជាង ២០០នាក់ បានចូលរួមក្នុងបេសកកម្ម កងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ៕