ភ្នំពេញ​៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ពីសាធារណរដ្ឋឥណ្ឌា ដោយស្នើសុំឱ្យភាគីឥណ្ឌា ផ្គត់ផ្គង់វ៉ាកសាំងនេះ ក្នុងដំណាក់កាល​ដំបូង​ចំនួន១លានដូស។ 

ក្នុងជួបសន្ទនាតាមទូរស័ព្ទ របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្ដបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិ​បាល​ឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនមួយសែន​ដូស ដល់​កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌាផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះ​បី​​ជា​មាន​ការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូនិងតម្រូវការក្នុងស្រុក​ក៏ដោយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាក់សាំង​នេះ​ក្នុងដំណាក់កាលដំបូង ចំនួន១លានដូស។

ជាការឆ្លើយតប ឯកឧត្ដម Subrahmanyam Jaishankar នឹងដាក់សំណើទៅ​ឯកឧត្ដម នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោ​នាយករដ្ឋមន្ត្រីជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព ឯកឧត្ដមនឹងរាយ​ការណ៍​សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស នេះ ជូនឯកឧត្តម​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឱ្យ​ទទួលបាន​វ៉ាក់សាំង៕