ល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដ៏មានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជាមាន​ន័យ​ថា​ជា​កំពូល​ក្បាច់គុន ប្រកប​ដោយអានុ​ភាព ឬ ជា​ក្បាច់គុន​ខ្លាំង​ដូចសត្វ​តោហើយត្រូវបានគេប្រើប្រាស់​ដើម្បី​ការពារខ្លួន ឬច្បាំងទប់ទល់នឹង​សត្រូវ​ ​តាំង​ពី​ ១០០០​ឆ្នាំ​មុនមកម៉េ្លះ។​

រហូតមកទល់បច្ចុប្បន្ននេះក្បាច់គុនល្បុក្កតោ ក៏នៅតែមានប្រជាប្រិយភាព នៅក្នុងចំណោមប្រជាជនខ្មែរ និងជនបរទេសផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនមានយុវតីច្រើននោះទេ ដែលចាប់អារម្មណ៍ ឬហាត់ក្បាច់គុនល្បុក្កតោនេះ។

នៅត្រឹមវ័យ២១ ឆ្នាំ កញ្ញា ខៀវ ចិន្តារ័ត្ន បានក្លាយជាម្ចាស់មេដាយមាស លើ៣ វិញ្ញាសារ ក្នុងការប្រកួតជម្រើសជាតិឆ្នាំ២០១៣ និងជាម្ចាស់មេដាយមាសចំនួន ៤ លើ ៤ វិញ្ញាសារ ក្នុងការប្រកួតជម្រើសជាតិឆ្នាំ២០១៤ នៃការប្រកួតក្បាច់គុនល្បុក្កតោ។

ស្ថិតនៅក្នុងគ្រួសារដែលមានខ្សែស្រឡាយជាអ្នកហាត់ក្បាច់គុនល្បុក្កតោចិន្តារ័ត្ន បានចូលសិក្សា ក្បាច់គុនល្បុក្តតោនៅក្នុងឆ្នាំ ២០១២ ដោយមានការគាំទ្រនិង លើកទឹកចិត្តយ៉ាងពេញទំហឹងពី សំណាក់ក្រុមគ្រួសារ សិស្សច្បង ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យផងដែរ។

មានស្រុកកំណើតនៅទីក្រុងភ្នំពេញសម្បុរ ស កម្ពស់រាងខ្ពស់បន្តិច កញ្ញា ខៀវ ចិន្តារ័ត្នជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាផ្នែកមន្ទីរពិសោធន៍ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តហើយសព្វថ្ងៃ នាង កំពុងបម្រើនៅផ្នែកមន្ទីរពិសោធន៍ និង​ជាសិស្សនៃសាលាគុនល្បុក្កតោ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។

ចិន្តារ័ត្ន បានបន្តឲ្យដឹងពីមូលហេតុដែលជម្រុញឲ្យរូបនាង ចូលហាត់ក្បាច់គុនល្បុក្កតោ ថា៖ «ដោយសារ មានកត្តាបីសំខាន់ទីមួយ ការចេះដឹងក្បាច់គុនល្បុក្កតោនេះ អាចការពារខ្លួន និងមានកាយសម្បទារឹងមាំ ។ ទីពីរដើម្បីសុខភាព និងកត្តាសំខាន់ជាងគេនោះ គឺចង់ចូលរួមចំណែក ជួយថែរក្សាវប្បធម៌ជាតិខ្មែរ»។ ទោះបីជាយ៉ាងណាក៏ដោយកញ្ញា រ័ត្ន បានទទួលស្គាល់ពីការលំបាក ក្នុងការហាត់ ក្បាច់គុននេះ ដោយសារតែនាងគឺជានារីកាយសម្បទាមិនសូវរឹងមាំ ជាដើម។

ជាចុងក្រោយកញ្ញា ខៀវ ចិន្តារ័ត្ន បានសំណូមពរឲ្យ យុវជនទាំងប្រុសទាំងស្រីងាកមកចាប់អារម្មណ៍ក្បាច់គុនបុរាណខ្មែរ បើទោះជាពិបាកយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់យុវជនអាចធ្វើបាន បើយកបេះដូង មកហាត់ ព្រោះថាវាជាសម្បត្តិវប្បធម៌របស់កម្ពុជាហើយ បើបណ្តោយឲ្យវាបាត់បង់ គឺដូចជា បណ្តោយឲ្យប្រទេសខ្លួនបាត់បង់អត្តសញ្ញាណមួយដ៏សំខាន់ផងដែរ។ ម្យ៉ាង ទោះបីជា យើងមិនមែនជាអ្នកបង្កើត តែយើងអាចធ្វើត្រឹមតែជាអ្នកថែរក្សានោះក៏ជាមោទនភាពជាតិដែរ។

គួរជម្រាបជូនថាកាលពីពេលថ្មីៗនេះ កញ្ញា ខៀវ ចិន្ដារ័ត្ន ទើបតែត្រឡប់មកពីប្រទេសកូរ៉េ ដែលកញ្ញាគឺជានារីកម្ពុជាដំបូងគេបង្អស់ដែលបានចូលរួម នៅក្នុងកម្មវិធីដែលមានឈ្មោះថា World Martial ArtsUnion។ មិនត្រឹមតែប៉ុណ្ណោះ ជាកិត្តិយសនិងមោទនភាពជាតិសម្រាប់កម្ពុជា ចិន្តារ័ត្ន ក៏ទទួលបានមេដាយប្រាក់ចំនួន១ សម្រាប់ការប្រកួត Taekgyeon និង វិញ្ញាបនបត្រ ចំនួន ៨ ផ្សេងទៀត ពីប្រទេសកូរ៉េផងដែរ៕ 

អត្ថបទដោយ សរ ពិសី