ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋសិស្ស និស្សិតក្រីក្រដែលចូលចិត្តអានសៀវភៅ តែមិនសូវជាហ៊ានចំណាយលុយទិញសៀវភៅ ពីព្រោះសៀវភៅនាពេលបច្ចុប្បន្នមានតម្លៃថ្លៃគួរសម។ តែចាប់ពីពេលនេះតទៅ បងប្អូនមិត្តអ្នកអានទាំងអស់អាចចូលទៅអាន និងខ្ចីសៀវភៅពីបណ្ណាល័យ ម៉េងលី ជេ.គួច ដែលមាននៅគ្រប់សាខាទាំងអស់។ នេះបើតាមការប្រាប់ឲ្យដឹងពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងពិធីបើសម្ពោធជាផ្លូវការនូវសៀវភៅ «បណ្តុំទស្សនៈ - The Philosophy Collection» នៅឯម៉ូនូមែនប៊ុក កាលពីកាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ នេះ។
ខ្លឹមសារនៅក្នុងសៀវភៅបណ្ដុំទស្សនៈ បានរៀបរាប់អំពីដំណើរជីវិតបទពិសោធ និងភាពជោគជ័យ ដែលអ្នកនិពន្ធបានឆ្លងកាត់កន្លងមក។ រៀបរាប់អំពីគន្លឹះក្នុងការកសាងសុភមង្គល ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និងគំនិតល្អៗសម្រាប់អាជីវកម្ម។ វណ្ណកម្មនេះកើតចេញពីទស្សនៈ និងគំនិតផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍នៃទស្សនៈ ឬគំនិតរបស់ទ្រឹស្ដីណាមួយនោះឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅនេះជាចំណែកមួយជួយធ្វើឲ្យអ្នកអាន ចេះកសាងសុភមង្គលក្នុងគ្រួសារ ចេះតស៊ូក្នុងដំណើរជីវិតនិងចេះជំរុញលើកទឹកចិត្តខ្លួនឯង។
បន្ថែមពីនេះទៅទៀត សៀវភៅនេះគឺជាចំណែកមួយជួយធ្វើឲ្យមិត្តអ្នកអានយល់ដឹងកាន់តែច្បាស់ អំពីភាពជាអ្នកដឹកនាំ និងធ្វើឲ្យមិត្តអ្នកអានស្គាល់ផ្លូវទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីការធ្វើអាជីវកម្មផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត សៀវភៅនេះនឹងអាចជួយធ្វើឲ្យមិត្តអ្នកអាន សិស្ស និស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រថា គួររៀនយ៉ាងដូចម្តេចដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនាពេលអនាគត។
នៅក្នុងឪកាសសម្ពោធជាផ្លូវការនូវសៀវភៅ «បណ្តុំទស្សនៈ» របស់ខ្លួនលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លៃងប្រាប់ឲ្យដឹងថា សៀវភៅ «បណ្តុំទស្សនៈ» និងសៀវភៅដែលជាស្នាដៃរបស់លោកឧកញ៉ាផ្សែងៗ ទៀតនឹងត្រូវបានដាក់តាំងនៅគ្រប់បណ្ណាល័យ ម៉េង លី ជេ គួច ទាំងអស់ហើយបណ្ណាល័យទាំងអស់ នឹងត្រូវបើកជាសាធារណៈសម្រាប់ប្រជាពលរដ្ឋ សិស្ស និស្សិត អាចចូលអាននិងខ្ចីសៀវភៅបានដោយសេរីផងដែរ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា៖ «សូមបញ្ជាក់ម្តងទៀតថាបណ្ណាល័យ ម៉េងលី ជេ.គួច Library ណ្ណឹងណា! គឺមានដាក់គ្រប់សាខាទាំងអស់ ហើយបើកចំហរជាសាធារណៈ មិនមែនសម្រាប់តែសិស្ស និងបុគ្គលិកទេ ទៅសាធារណៈទាំងអស់។សូមចូលទៅប្រើសេវាកម្មសៀវភៅទាំងអស់ណ្ណឹង! ហើយរាល់សៀវភៅបោះពុម្ពទាំងអស់ បូករួមទាំងសៀវភៅដែលយើងមានរាប់សិបមុឺនក្បាល់ណ្ណឹង!គឺមាននៅក្នុងបណ្ណាល័យទាំងអស់ អាចប្រើ អាចខ្ចីបាន»។
លើសពីនេះទៀតលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកទឹកចិត្តដល់បណ្ណាល័យផ្សែងៗ ទៀតប្រសិនបើត្រូវការសៀវភៅដែលតែងនិពន្ធដោយលោកឧកញ៉ាផ្ទាល់ សូមធ្វើស្នើរសុំមកកាន់លោកឧញ៉ា ក៏ដូចជាក្រុមការងាររបស់លោកឧញ៉ាតែម្តង ហើយក្រុមការងារនឹងរៀបចំជូន។ គោលបំណងរបស់លោកឧញ៉ា គឺចង់ផ្តល់ឪកាសឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតក្រីក្រ មានឪកាសបានអាននិងបណ្តុះទម្លាប់នៃការចូលចិត្តអានសៀវភៅឲ្យបានកាន់តែច្រើន។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមទៀតថា៖ «ហើយបណ្ណាល័យផ្សែងៗ បើសិនជាខ្វះសៀវភៅណ្ណឹង! ក៏អាចសុំ Request ទៅដាក់នៅក្នុងបណ្ណាល័យខ្លួនឯងបានដែរ យើងបោះពុម្ពបានរាប់ម៉ីនក្បាល ហើយយើងលក់បានមធ្យមទេ ជាងពាក់កណ្តាលយើងបរិច្ចាគ យើងផ្តល់ទៅឲ្យគេទេពីព្រោះគោលដៅរបស់យើងមិនមែនជាលុយប៉ុន្មានទេ ធ្វើម៉េចដើម្បីឲ្យសៀវភៅណ្ណឹង! បានដល់ដៃប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថាសៀវភៅ «បណ្តុំទស្សនៈ» ដែលមានកម្រាស់ ៣០៦ទំព័រ គឺជាស្នាដៃទី៧ របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបោះពុម្ពចែកចាយនៅលើទីផ្សារ ក៏ដូចជាចែកជូនបងប្អូនមិត្តអ្នកអានជាសាធារណៈហើយសៀវភៅ «បណ្តុំទស្សនៈ» បានបោះពុម្ពផ្សាយជាលើកទីមួយមានចំនួន ៣០០០ក្បាល ហើយថវិកាដែលប្រមូលបានមកពីការលក់សៀវភៅនឹងបរិច្ចាគទៅមូលនិធិ ម៉េងលី ជេ.គួច៕