ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ ស្ដីពី​ការ​ត្រៀម​រៀបចំ​ទិវា​គ្រូបង្រៀន ក្រោម​ប្រធាន​បទ ​«គ្រូ​បង្រៀន​ឆ្លាតវៃ ដើម្បី​ការ​អប់រំ​ឌីជីថល»  ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ២០​២០ ខាង​មុខ។

ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលបាន ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៥ ខែកញ្ញា បាន​ពិភាក្សា​ត្រៀម​រៀបចំ​កម្មវិធី​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រសិទ្ធភាព ពិសេស​ការ​អនុវត្ត​​ស្តង់ដារ​អនាម័យ​បញ្ចៀស​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​អំឡុងនៃការដំណើរការ​កម្មវិធី។  

សូមជម្រាបថាទិវាគ្រូបង្រៀនត្រូវបានរៀបចំឡើងនាថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុស​ឡើង​វិញ​នូវ​វប្បធម៌ និង​ប្រពៃណី​របស់​សិស្សានុសិស្ស​ទាំងឡាយ​ឱ្យរំឭកនូវគុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស ដែល​ពួក​គាត់​ជា​រៀមច្បង​ក្នុង​ការងារ​អប់រំ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​ការពារ​កសាង និង​អភិវឌ្ឍ​មាតុភូមិ​លើ​គ្រប់​វិស័យ​ព្រម​ទាំង​បាន និង​កំពុង​បំពេញ​ការងារ​ជា​អ្នកអប់រំ និង​ជា​អ្នក​ផ្ទេរ​ចំណេះ​ដឹង​ផង​ដែរ។

គួរ​រំឭក​ផង​ដែរ​ថា ទិវា​គ្រូ​បង្រៀន​ដោយ​ត្រូវ​បាន​ផ្ដួចផ្ដើម​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ១៩៩៧ ដោយ​កំណត់​យក​ថ្ងៃទី​៥ ខែតុលា ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នេះ៕ ​