ក្រុងប៉េកាំង៖ ការគំរាមកំហែងដោយទីប្រឹក្សារបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិចលោកDonal Trump ដើម្បីបណ្តេញប្រទេសចិន ចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTOត្រូវបានអ្នកនាំពាក្យ ក្រសួងការបរទេសចិន ឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ទី22 ខែវិច្ឆិកា ថា ជារឿងមិនសមហេតុសមផល ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ហ្គេង (GengShuang) បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងថា"អង្គការពាណិជ្ជកម្មពិភពលោក គឺជាអង្គការពហុភាគី ហើយមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកនោះទេ"។
សុន្ទរកថារបស់លោកហ្គេង បានលើកឡើងបន្ទាប់ពីលោក ខេវិន(KevinHassett) ប្រធានក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Trumpបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រទេសចិនបានមានអាកប្បកិរិយាមិនសម ជាសមាជិកWTO ។ លោកបានស្នើថា ករណីនេះ អាចលើកឡើងសម្រាប់ការបណ្តេញប្រទេសចិនចេញពីអង្គការនេះ។
លោក ហ្គេង ក៏បាននិយាយផងដែរថា ភាពខុសគ្នារវាងសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកWTOត្រូវដោះស្រាយតាមរយៈការចរចា និងការសម្របសម្រួល ប៉ុន្តែវាជាគ្រោះថ្នាក់ដែលគិតថា ងាយស្រួលនឹងបណ្តេញសមាជិកផ្សេងចេញ៕