ភ្នំពេញ៖ នៅថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​រក​ឃើញ​ការ​ឆ្លង ជំងឺ​កូ​វី​ដ​-១៩​នេះ បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នៅ​ក្នុងស្រុក​ហើយ ដែល​នេះ គឺជា រឿង​ដែល គួរ​ឱ្យ​ព្រួយបារម្ភ និង​ទាមទារ​ឱ្យ​មានការ​ចូលរួម​សហការ​ពី​សំណាក់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ខ្លាំងក្លា​ជាទី​បំផុត​។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណ​ឌី​នរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា កាលពីមុន​យើង​រក​ឃើញ​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩​នេះ គឺ​សុទ្ធសឹងតែ​ជា​អ្នក​នាំ​ចូល​មក​ពី​ខាងក្រៅ ហើយ​ចម្លង​មក​អ្នក​នៅ​ក្នុងស្រុក​។ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​នេះ​បាន​វិវត្តន៍​ទៅ​ជា​ដំណាក់កាល​ថ្មី​ទៀត​គឺ​ចម្លង​ពី​អ្នក​នៅ​ក្នុងស្រុក ហើយ​អ្នក​នៅ​ក្នុងស្រុក​បាន​ចម្លង​ទៅ​អ្នក​ក្នុងស្រុក​។ លោក​ជំទាវ​បាន​ថ្លែង​ថា “​បច្ចុប្បន្ន​នេះ​យើង​រក​ឃើញ​ករណី​មួយ​ចំនួន​ហើយ​ដែល​បាន​កើតឡើង​សម្រាប់​ជនបរទេស​ភាគច្រើន ហើយ​ក៏​មានការ​ប៉ះពាល់​ដល់​ជនជាតិ​ខ្មែរ​របស់​យើង​មួយ​ចំនួន​ដែរ​។ កន្លង​មកនេះ​យើង​តែងតែ​រក​ឃើញ​អ្នក​ឆ្លង​សម្រាប់​អ្នក​នាំ​ចូល​មក​ហើយ​ឆ្លង​ទៅ​ម្នាក់​ទៀត​នៅ​ក្នុងស្រុក​។ ក៏​ប៉ុន្តែ​ឥឡូវ​យើង​រក​ឃើញ​ថា​ឆ្លង​ពី​ម្នាក់​នៅ​ក្នុងស្រុក​ហើយ ហើយ​អ្នក​ក្នុងស្រុក​បាន​ឆ្លង​ទៅ​ម្នាក់​ទៀត​ហើយ​។​”

ត្រង់​ចំណុច​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​បាន​សង្កត់ធ្ងន់​ថា វា​ជា​រឿង​ផុយ​ស្រួយ​ណាស់​ប្រសិនបើ​ការ​ចម្លង​នេះ​ចេះ​តែ​រាតត្បាត​បន្ត​ទៅ ហើយ​យើង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ស្រាវជ្រាវ​រក​ប្រភព​ឱ្យ​បាន​ច្បាស់លាស់​នោះ​វា​គឺជា​ការ​ចម្លង​នៅ​ក្នុង​សហគមន៍​ហើយ​។លោក​ជំទាវ​បាន​បន្ថែម​ថា ក្រសួងសុខាភិបាល​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​សិក្សា និង​ស្រាវជ្រាវ​ឱ្យ​បាន​ម៉ត់ចត់​ជាទី​បំផុត​នូវ​ករណី​នានា​ដែល​ក្រសួង​រក​ឃើញ​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន