ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល​បាន​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​២៦៦​នាក់ ក្នុង​នោះ​មាន​ចំនួន​៨៦​នាក់ កំពុង​ពិនិត្យ​តាមដាន​នៅឡើយ ដោយសារ​អ្នក​ទាំងនោះ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​កូ​វី​ដ​១៩​។ នេះបើតាម ការលើកឡើងរបស់ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ជំងឺ​កូ​វី​ដ​១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។

មនុស្សចំនួនជិត ៩ពាន់នាក់ត្រូវបានយកវត្ថុសំណាកទឿវិភាគរកកូវីដ១៩។ លើសពីនេះទៀត ​ក្រសួង​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ដែល​បាន​ប៉ះពាល់ ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ប្រមាណ​២២០០​នាក់​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​នេះ​ដែរ​ក្រសួង​ក៏​បាន​យក​វត្ថុ​សំណាក​ទៅ​ធ្វើ​វិភាគ​រក​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៨៩០៩​នាក់ ក្នុង​នោះ​មាន​ចំនួន​១២២​នាក់ មាន​ឆ្លង និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៧៧​នាក់​៕