ក្រុមហ៊ុន Apple បានទទួលជោគជ័យដ៏ធំ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលតម្លៃភាគហ៊ុនឡើងដល់ ២០៧,០៤ដុល្លារ ក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនមានតម្លៃដល់ ១លានលានដុល្លារ ។

ក្រុមហ៊ុន Apple ទើបតែក្លាយក្រុមហ៊ុនអាមេរិកដំបូងគេបង្អស់ដែលមានតម្លៃរហូតដល់ទៅ ១ លានលានដុល្លារ។ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះបានទទួលជោគជ័យដ៏ធំកាលពីថ្ងៃព្រហស្បតិ៍ នៅពេលតម្លៃភាគហ៊ុន ឡើងដល់ ២០៧,០៤ ដុល្លារក្នុងមួយហ៊ុន ហើយភាគហ៊ុនរបស់ខ្លួនថ្មីខ្ពស់បំផុត គឺ ២០៨,៣៨ ដុល្លារ។ បច្ចុប្បន្ន សន្លឹកហ៊ុន របស់ក្រុមហ៊ុន Apple បានកើនឡើងច្រើនជាង ២០ ភាគរយក្នុងឆ្នាំ។

ភាគហ៊ុនបានកើនឡើង បន្ទាប់ពីប្រាក់ចំណេញ របស់ក្រុមហ៊ុនបានកើនលើសការព្យាករណ៍ និងការប្រមើលមើល អំពីអនាគតមានលក្ខណៈល្អប្រសើរ កាលពីថ្ងៃពុធ។

យ៉ាងណាមិញ អ្នកខ្លះបានគិតថា ក្រុមហ៊ុន Apple ត្រូវការផលិតផលថ្មីដើម្បីរក្សាការលក់ និងប្រាក់ចំណេញ ហើយក្រុមហ៊ុន Apple បានឡើងដល់កម្រិតប្រហែល ១.០០១.៦៧៩.២២០.០០០ ដុល្លារដោយសារតែការលក់ទូរស័ព្ទ iPhone 8 និង X បានយ៉ាងរឹងមាំជាពិសេសនៅក្នុងប្រទេសចិន និងជប៉ុន និងការកើនឡើងប្រាក់ចំណូល ពីកម្មវិធី App Store ផងដែរ៕