សៀមរាប៖ អង្គការលំនៅឋានកម្ពុជា - Habitat Cambodia» នឹងសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រីអនុវត្តគម្រោងគាំទ្រដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រខ្លាំង និងងាយរងគ្រោះ ។នេះបើតាមការលើកឡើងរបស់លោកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។

លោកអភិបាលស្រុករូបនេះ បានបង្ហាញពីការសប្បាយចិត្តដែលអង្គការលំនៅឋានកម្ពុជាអនុវត្តគម្រោងក្នុងទម្រង់ថ្មីមួយ ដោយជ្រើសយកភូមិណាមួយដែលក្រីក្រខ្លាំងជាងគេដើម្បីកែប្រែស្ថានភាពនៅក្នុងសហគមន៍ ផ្តល់ភាពរឹងម៊ាំនិងលទ្ធភាពអាចគ្រប់គ្រងម្ចាស់ការដោយខ្លួនឯងបានដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួនបន្តទៀត នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់។

លោកក៏បានលើកឡើងពី អាទិភាពមួយចំនួនរបស់គម្រោងនេះ ដែលមានដូចជា៖

  • សាងសង់ ជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឡើងវិញ
  • ទ្រទ្រង់ដល់ការបង្កើតការងារ និងមុខរបរចិញ្ចឹមជីវិតដល់អ្នកភូមិ
  • ផ្តល់ការតភ្ជាប់អគ្គីសនីដោយប្រព័ន្ធសូឡានិងបណ្តាញចែកចាយផ្គត់ផ្គង់ទឹកតាមផ្ទះ ដោយមានយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាព
  • ផ្តល់ការអប់រំ បណ្តុះបណ្តាលពីការថែទាំផ្ទះ អនាម័យនិងការរស់នៅស្អាតដល់គ្រប់គ្រួសារនៅក្នុងភូមិ៕