នៅក្នុងអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ ដែលអាចទទួលបានផ្លែផ្កាផលប្រយោជន៍ ឬអាចនិយាយបានថាភាពជោគជ័យលើការលក់ មិនមែនមានត្រឹមតែភាពអត់ធ្មត់តែមួយមុខឬភាពស្មោះត្រង់ ហើយអាចទទួលបានភាពជោគជ័យនោះទេ ប៉ុន្តែវាទាមទារឲ្យមានចំណូចចំណុចរួមផ្សំជាច្រើនទៀត ដែលក្នុងនោះអ្វីដែលសំខាន់គេសំដៅទៅលើចំណុចចំនួន៣ ដែលអាចជំរុញឲ្យការលក់ទទួលបានជោគជ័យ និងអាចទទួលបានកម្រៃជើងសារពីការលក់ខ្ពស់។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន Kw Cambodia ដែលជាមនុស្សម្នាក់ត្រូវបានគេស្គាល់ថា ជាអ្នកទទួលបានភាគជោគជ័យខ្ពស់ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ រហូតក្លាយជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យមួយនេះជាច្រើនគម្រោងនិងមានតម្លៃសរុបរាប់សិបលានដុល្លារ។
លោកឧកញ៉ាបានមានប្រសាសន៍ថា៖ “មានត្រឹមភាពអំណត់ ស្មោះត្រង់ និងការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន វាជាកត្តាសំខាន់ក្នុងការងារជាភ្នាក់ងារលក់អចលនទ្រព្យប៉ុន្តែនៅមិនទាន់ប្រាកដថាអាចទទួលបានជោគជ័យលើការលក់១០០ភាគរយនៅឡើយនោះទេ”។
លោកឧកញ៉ាថា៖ “អ្នកដែលជាភ្នាក់ងារលក់អាចទទួលបានអត្រាជោគជ័យខ្ពស់ និងទទួលបានប្រាក់កម្រៃជើងសារពីការលក់ពិតប្រាកដ គឺអ្នកដែលមានភាពវៃឆ្លាតពាក់ព័ន្ធទៅនឹងភាពស្គាល់ច្បាស់ចំណុចចំនួន៣ គឺ ទី១ ស្គាល់ម្ចាស់ទ្រព្យឬម្ចាស់អចលនវត្ថុផ្ទាល់ ស្គាល់ពីអតិថិជនគោលដៅពិតប្រាកដ ច្បាស់ហើយអ្វីដែលសំខាន់ចុងក្រោយគឺស្គាល់ច្បាស់ពីតម្លៃទីផ្សារយ៉ាងពិតប្រាកដ”។
លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាង បានលើកជាឧទាហរណ៍ថា ប្រសិនបើភ្នាក់ងារលក់ស្គាល់ម្ចាស់ដីដែលចង់លក់ដោយផ្ទាល់ ហើយស្គាល់អ្នកទិញពិតប្រាកដដោយផ្ទាល់ដូចគ្នា ដូច្នេះឱកាសនៃការណែនាំលើការទិញ-លក់មានឱកាសលើសពី៥០ភាគរយរួចជាស្រេចហើយ នៅពេលដែលបានស្គាល់ពីតម្លៃទីផ្សារយ៉ាងប្រាកដទៀត រឹតតែជាចំណុចសំខាន់ ដែលអាចជួយចរចាភាគីទាំង២ងាយចុះសម្រុងនិងអាចទទួលបានផលប្រយោជន៍គ្រប់ភាគីបានក្នុងរយៈពេលដ៏ខ្លី។
លោកឧកញ៉ាក៏បានបញ្ជាក់ថា បើគ្រាន់តែឮគេប្រាប់ថា មានគេចង់លក់ដីតំបន់នេះ ទាំងដែលដីមិនទាន់បានឃើញ មិនបានស្គាល់ម្ចាស់ពិត ហើយរឹតតែមិនបានស្គាល់អតិថិជនគោលដៅទៀត ដូច្នេះការណែនាំលើការទិញលក់ គ្មានភាគរយខ្ពស់នោះទេ ហើយប្រសិនបើមិនបានដឹងពីតម្លៃទីផ្សារក្នុងតំបន់ច្បាស់ទៀត នោះភាពបរាជ័យនឹងរំកិលមកជិតខ្លួនជាក់ជាមិនខាន ឬអាចនិយាយបានការព្យាយាមបានត្រឹមចំណាយពេលឥតប្រយោជន៍។
មានន័យថា នៅពេលអ្នកមិនបានស្គាល់ទ្រព្យដែលចង់លក់ផ្ទាល់ ពោលគឺដឹងតាមគេប្រាប់ នោះអ្នកនឹងមិនអាចបានដឹងពីតម្លៃដែលម្ចាស់ចង់លក់ពិត ដែលអាចឆ្លងកាត់កម្រៃជើងសារមួយតង់ពីអ្នកប្រាប់ ហើយប្រសិនបើអ្នកមិនបានស្គាល់ពីតម្លៃលើទីផ្សារក្នុងតំបន់ រឹតតែពិបាកក្នុងការណែនាំភ្ញៀវថែមទៀតដែលកាន់តែធ្វើភាគរយទទួលបានជោគជ័យឃ្លាតទៅកាន់តែឆ្ងាយ។
ជាធម្មតា អ្នកលក់ចង់បានតម្លៃថ្លៃ អ្នកទិញចង់បានតម្លៃទាបជាងទីផ្សារ ដូច្នេះភាគរយនៃការចរចានឹងមិនអាចត្រូវគ្នានោះឡើយ។ នេះហើយជាកត្តានាំឲ្យកើតមានភាពបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យ ៕