ភ្នំពេញ៖ បើទោះបីកម្ពុជាបាននឹងកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវិដ ១៩ ក៏សកម្មភាពនៃការចរចា និងនៃការជួលតូបនៅក្នុងផ្សារទំនើប ឬទីតាំងលក់រាយនៅតែមានជាប្រក្រតី ប៉ុន្តែការប្រកួតប្រជែងទៅលើតម្លៃជួលមានសភាពខ្លាំងជាងមុន។
កញ្ញា គឹម គិនកេសា មន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ការចរចា និងសកម្មភាពជួលនានានៅដើមឆ្នាំ២០២១នេះ នៅតែបន្តមាន ប៉ុន្តែមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុនៗ ដោយសារមាន គម្រោងផ្សារទំនើបថ្មីៗច្រើនបានបង្ហាញខ្លួន។
កញ្ញាបានបន្តថា៖«នៅក្នុងខែ២ ពាក់កណ្ដាលត្រីមាសទី១នេះ យើងឃើញមាន គម្រោងយ៉ាងហោចណាស់ចំនួន ៦ បានបើកដំណើរការសាកល្បង (soft launch) ដោយចំនួននេះរាប់បញ្ចូលទាំងប្រភេទផ្សារសហគមន៍ និងផ្សារក្នុងអគារពាណិជ្ជកម្ម»។
កញ្ញា គឹម គិនកេសា បញ្ជាក់ថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ គឺទើបតែចាប់ផ្ដើម ដូច្នេះការសន្និដ្ឋានយ៉ាងណានោះនៅមិនទាន់អាចនិយាយបានថា មានផលយ៉ាងណាចំពោះវិស័យផ្សារទំនើបនៅឡើយទេ។ យ៉ាងណាមិញ បើនិយាយជារួម ប្រសិនបើការរីករាលដាលនៃជំងឺកូវិដ១៩ គ្រប់គ្រងបានដោយមានប្រសិទ្ធភាព គេរំពឹងថា ស្ថានភាពសេដ្ឋកិច្ចនឹងមានលំនឹងប្រសើរឡើងវិញបន្តិច។
នៅក្នុងត្រីមាសទី១នេះ តម្លៃដាក់ជួលនៅថេរ ប៉ុន្តែក្នុងការចរចា ម្ចាស់គម្រោងគាត់អាចផ្ដល់ជាលក្ខខណ្ឌលើកទឹកចិត្តផ្សេងៗ។ តម្លៃតាមប្រភេទផ្សារនិមួយៗ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ជាទូទៅមានតម្លៃចាប់ពី ២០ ដុល្លារអាមេរិក ដល់ ៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
ចំពោះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា សម្រាប់ទីផ្សារទំនើបវាអាស្រ័យទៅលើសុវត្ថិភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ ១៩ ។ លោកបញ្ជាក់ថា បើស្ថានភាពល្អ មនុស្សនឹងទៅស្វែងរកទិញឥវ៉ាន់ ឬដើរកំសាន្ត ប៉ុន្តែ នៅពេលមានបញ្ហាមនុស្សមួយចំនួននឹងមានភាពរអា ហើយនឹងមិនចេញដើរនោះទេ។
លោក ច្រឹក សុនីម ក៏បានទទួលស្គាល់ដែរថា ចំពោះការជួលតូបលក់ដូរនៅក្នុងផ្សារទំនើបនេះនៅតែមានជាធម្មតា នៅក្នុងកាលៈទេសៈនេះ ហើយចំពោះអ្នកដែលជួលរួចហើយក៏នៅតែបន្តការលក់ដូររបស់ខ្លួនជាប្រក្រតីដែរ៕