ភ្នំពេញ៖ បុគ្គលដែលមិនសុខចិត្តចំពោះការចាត់វិធានការ និង / ឬដាក់ទណ្ឌកម្មរបស់អាជ្ញាធរមានសមត្ថកិច្ច ធ្វើអធិការកិច្ចសំណង់ អាចធ្វើបណ្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរនោះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេច ឬបានទទួលដំណឹងអំពីសេចក្ដីសម្រេចចាត់វិធានការ និង/ ឬដាក់ទណ្ឌកម្ម។

យោងតាមសេចក្តីប្រកាសអន្តរក្រសួង ស្តីពីនិតិវិធីនិងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចធ្វើអធិការកិច្ចសំណង់ ត្រូវធ្វើការសម្រេចលើបណ្ដឹងតវ៉ា ក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលពាក្យបណ្ដឹងតវា។

ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចធ្វើអធិការកិច្ចសំណង់ មិនសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល កំណត់ដូចមានចែងក្នុងប្រការនេះ ម្ចាស់បណ្ដឹងអាចធ្វើបណ្ដឹងតវាទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើអធិការកិច្ច សំណង់តាមឋានានុក្រម ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃផុតរយៈពេលកំណត់។ 

ម្ចាស់បណ្ដឹងអាចធ្វើបណ្ដឹងតវ៉ា ចំពោះការសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចធ្វើអធិការកិច្ច សំណង់តាមឋានានុក្រម ក្នុងរយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចឬបានទទួលដំណឹងអំពីសេចក្តីសម្រេចលើបណ្ដឹងតវ៉ារបស់ខ្លួន។

ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទទួលបណ្ដឹង នោះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមានចេញសម្រេចជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ពីមូលហេតុនៃការសម្រេចរបស់ខ្លួនលើបណ្តឹងតវ៉ា។ ក្នុងករណីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនសម្រេចលើបណ្ដឹងតវ៉ ម្ចាស់បណ្ដឹងមានសិទ្ធិប្តឹងទៅតុលាការ។

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសម្រេចជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ពី មូលហេតុនៃការសម្រេចរបស់ខ្លួនលើបណ្ដឹងតវ៉ា ក្នុងរយៈពេល ២៥ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃទទួលបណ្ដឹង។

អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្រេចជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ពី មូលហេតុនៃការសម្រេចរបស់ខ្លួនលើបណ្ដឹងតវ៉ា ក្នុងរយៈពេល ២០ ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃទទួលបណ្ដឹង។  

ក្នុងករណីបុគ្គលប្រព្រឹត្តអំពើល្មើសមិនបង់ប្រាក់ពិន័យអន្តរការណ៍ អាជ្ញាធរមានសមត្ថកិច្ចត្រូវ ចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង នៅពេលផុតរយៈពេលនៃបណ្ដឹងតវាំដូចមាន កំណត់ក្នុងប្រការនេះ៕