ភ្នំពេញ៖ តំបន់ច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅផ្លូវជាតិលេខ១ នាពេលបច្ចុប្បន្ននេះ បាននិងកំពុងក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតមធ្យមបណ្តើរៗ ជាមួយនឹងគម្រោងវិនិយោគធំៗ កំពុងបោះទីតាំងដូចជាធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុ មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប រួមជាមួយនឹងមណ្ឌលកម្សាន្តផងដែរ។ 

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានថ្លែងថា តំបន់ច្បារអំពៅដែលកាលមុនមានសភាពស្ងាត់ និងមិនមានភាពរីកចំរើននោះ បច្ចុប្បន្ននេះ បាន និងកំពុងក្លាយទៅជាតំបន់ពាណិជ្ជកម្ម តាមរយៈវត្តមានមណ្ឌលពាណិជ្ជទំនើបៗ ផ្សារទំនើបបែបសហគមន៍ ផ្សារទំនើបលំដាប់អន្តរជាតិ មន្ទីរពេទ្យទំនើប គម្រោងខុន រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀតដែលត្រៀមសាងសង់នៅក្នុងតំបន់នេះ។

លោក ឡុង គឹមសួគ៌ បានបន្តថា «មុនពេលមិនទាន់មានគម្រោងរបស់បុរី ប៉េង ហួត និងបុរីលំនៅដ្ឋានមួយចំនួនទៀតនៅទីនេះ គឺអគារពាណិជ្ជកម្ម ឬហាងធំៗទំនើបគ្មាននោះទេ ប៉ុន្តែនៅពេលបច្ចុប្បន្នតំបន់នេះ បានប្រែក្លាយទៅជាទីប្រជុំជន និងប្រមូលផ្តុំទៅដោយប្រជាជនដែលមានជីវភាពលំដាប់អភិជនចូលទៅរស់នៅកាន់តែច្រើន។ ជាមួយនឹងរូបភាពទាំងនេះ គួបផ្សំជាមួយតម្លៃដីធ្លីនៅទាបនៅឡើយបានធ្វើឱ្យគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាផ្សារ ហាងទំនើប ចូលទៅបង្ហាញវត្តមាន ហើយបាននាំយកផលិតផលម៉ាកល្បីៗទៅប្រមូលផ្តុំគ្នានៅទីនោះតែម្ដង ដែលទាំងអស់នេះបានប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មដោយស្វ័យប្រវត្តិ»។

លោក ឡុង គឹមសួគ៌ បានបញ្ជាក់ទៀតថា «ភាពរីកចំរើននេះ ក៏ដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មានស្ថានភាពល្អប្រសើរ និងមានការកើនឡើងជាបន្តបន្ទាប់។ ជាធម្មតាបើពលរដ្ឋគ្មានលុយទេ គឺគ្មានអ្នកទិញទេ។ ដូច្នេះ នៅពេលមានអ្នករង់ចាំទិញ នោះផលិតផល និងការផ្គត់ផ្គង់នឹងចូលទៅកាន់ទីនោះជាមិនខាង»។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខណ្ឌច្បារអំពៅ នាពេលបច្ចេប្បន្ននេះបាន និងកំពុងទាក់ទាញនូវគម្រោងវិនិយោគធំៗជាច្រើនដែលមានទុនិវិនិយោគសរុបរាប់រយលានដុល្លារអាមេរិក ដែលធ្វើឱ្យខណ្ឌទី១២របស់រាជធានីភ្នំពេញ មានភាពស៊ីវិល័យ និងមានសក្តានុពលខ្ពស់។

លោក ឃួង ស្រេង បានបន្តថា ច្បារអំពៅបានបំបែកចេញពីខណ្ឌមានជ័យ ដោយសារតែកត្តាភូមិសាស្ត្រ និងកំណើនប្រជាសាស្ត្រកើនឡើងលឿន និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្ដែងឃើញមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជាសំណង់អគារខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម សំណង់បុរី លំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុងរណប ដែលមានដើមទុនវិនិយោគរាប់រយលានដុល្លារអាមេរិក។ 

លោក ឃួង ស្រេង បានថ្លែងថា ជាមួយនឹងភាពរីកចំរើនទាំងនេះ ខណ្ឌច្បារអំពៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននឹងកំពុងជួបបញ្ហាប្រឈមទៅនឹងការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ចាប់ពីតំបន់បឹងស្នោរដែលប្រមូលផ្តុំទៅដោយលំនៅដ្ឋានទំនើប មណ្ឌលពាណិជ្ជកម្ម និងស្ថាប៍នរដ្ឋរហូតដល់ស្ពានព្រះមុនីវង្ស ដែលបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដោះស្រាយជាជំហានៗដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះ៕