ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសិទ្ធិតែងតាំងមន្ត្រីអធិការកិច្ចសំណង់ ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់នេះ. មន្ត្រីអធិការកិច្ចសំណង់ទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់នេះ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ បែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចសំណង់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នតរូបនីយកម្ម និងសំណង់។
មាត្រា៥៨នៃច្បាប់ស្តីពីសំណង់ចែងថា ក្នុងពេលប្រតិបត្តិការអនុវត្តច្បាប់ មន្ត្រីអធិការកិច្ចសំណង់ត្រូវស្លៀកពាក់ឯកសណ្ឋាន មានសញ្ញាសម្គាល់ និងលិខិតបេសកកម្ម។ ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាស័ក្ដិរបស់មន្ត្រីអធិការកិច្ចសំណង់ត្រូវកំណត់ដោយអនុក្រឹត្យ។
មន្ត្រីអធិការកិច្ចសំណង់មានភារកិច្ច និងសិទ្ធិដូចតទៅ៖ ត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន និងពិន័យអន្តរការណ៍ចំពោះបទល្មើសសំណង់ដែលមានចែងក្នុងច្បាប់នេះ ដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធក្នុងករណីដែលអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ប្រព្រឹត្តល្មើសនឹងច្បាប់ អាចចាប់យកវត្ថុតាង និងកសាងសំណុំរឿងនៃបទល្មើស និងចាត់វិធានការផ្សេងទៀតនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់នេះ។
នៅក្នុងការអនុវត្តកិច្ចការនេះ មាត្រា៦០ ចែងថា មន្ត្រីអធិការកិច្ចសំណង់អាចចូលទៅក្នុងការដ្ឋានសំណង់គ្រប់ពេលវេលាក្នុងពេលការដ្ឋានកំពុងដំណើរការ ឬក្នុងអគារនៅក្នុងម៉ោងធ្វើការដើម្បីបំពេញភារកិច្ចរបស់ខ្លួន។
ដោយឡែកមាត្រា៦១ បញ្ជាក់ថារាល់ប្រតិបត្តិការអធិការកិច្ចសំណង់ក្នុងការពិនិត្យបទល្មើសត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
មន្ត្រីអធិការកិច្ចសំណង់អាចស្នើសុំជំនួយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពប្រដាប់អាវុធ ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមបង្ក្រាបបទល្មើសដូចមានចែងក្នុងច្បាប់នេះ។ ក្នុងករណីបទល្មើសជាក់ស្តែង ឬមិនមានលិខិតអនុញ្ញាតសាងសង់ ឬរះរើ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ដល់មន្ត្រីអធិការកិច្ចសំណង់មានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់ការតាមនិតិវិធី៕