មនុស្សភាគច្រើនប្រាកដជាឆ្ងល់ថាមួយខែទល់មួយខែ ខ្លួនខំប្រឹងធ្វើការមិនស្គាល់ថ្ងៃឈប់នឹងគេទេហេតុអ្វីបានជាមិនសល់អ្វីដែលជាដុំកំភួនសោះ? នេះអាចមកពីក្នុងនោះទីតាំងផ្ទះរបស់អ្នក អាចមិនត្រូវនឹងក្បួនហុងស៊ុយផ្ទះក៏ថាបានដែរ។

ហេតុនេះហើយទើបថ្ងៃនេះ​ យើងនឹង​ចែករំលែកអំពីលក្ខណៈផ្ទះបែបណាដែលចូលនៅហើយមានតែរឿងល្អៗរត់រក។បើនិយាយពីក្បួនហុងស៊ុយ គេសម្តៅលើការរៀបចំផ្ទះឱ្យមានបរិយាកាសល្អ។ ​​នៅពេល​​បរិយាកាសក្នុងផ្ទះល្អវានឹងមានឥទ្ធិពលវិជ្ជមានដល់អ្នកដែលកំពុងរស់នៅ។

១.​ ដើមស្រល់

តាមក្បួនហុងស៊ុយ ផ្ទះណាដែលដាំដើមស្រល់វានឹងជួយលើកកម្ពស់រឿងលាភសំណាងរឿងស្នេហា។​ ព្រោះរុក្ខជាតិមួយមុខនេះ ត្រូវបានគេចាត់ទុកថាជា ដើមឈើមង្គលមួយមុខទៀតដែលគួរតែដាំនៅតាមផ្ទះ។​

២. អាងទឹក

ផ្ទះដែលមានស្រះឬអាងទឹកនៅខាងមុខផ្ទះត្រូវបានចាត់ទុកថាជាទីតាំងមាស។ ជាផ្ទះដែលចូលនៅហើយមានសេចក្តីសុខព្រោះខ្សែទឹកនឹងជួយឱ្យមានភាពសម្បូរសប្បាយ ជួយឱ្យទ្រព្យសម្បត្តិហូរចូលផ្ទះដូចជាខ្សែទឹកដែរ។

៣.​ ដើមឈើបៃតង

ផ្ទះដែលដាំដើមឈើមានស្លឹកពណ៌បៃតងព័ទ្ធជុំវិញ ត្រូវបានគេចាត់ទុកថាជាផ្ទះដែលល្អខ្លាំងណាស់។ ព្រោះតាមគោលការណ៍ដើមឈើ ជាតំណាងនៃភាពរីកចម្រើនហេតុនេះហើយម្ចាស់ផ្ទះអាចនឹងទទួលបានថាមពលល្អៗចាំលើកស្ទួយជានិច្ច។

៤.​ លក្ខណៈតួផ្ទះ

លក្ខណៈផ្ទះមាសផ្ទះប្រាក់ ត្រូវមានទីធ្លាខាងមុខតូច​និងទីធ្លាខាងក្រោយធំទូលាយ ទើបធ្វើឱ្យសមាជិកក្នុងគ្រួសារទទួលបានថាមពលលល្អ ចាំលើករាសីឱ្យអ្នកក្នុងផ្ទះធ្វើអ្វីជួបប្រទះតែភាពជោគជ័យនិងមានសេចក្តីសុខជានិច្ច។

៥. ផ្ទះបែរមុខទៅទិសមង្គល

ផ្ទះដែលបែរមុខទៅទិសខាងត្បូង ត្រូវបានគេជឿថាជាផ្ទះដែលសាងសង់ត្រូវតាមក្បួនហុងស៊ុយ ព្រោះជាផ្លូវឱ្យខ្យល់ចេញចូលបានយ៉ាងងាយស្រួល។ ដោយសារតែខ្យល់គឺជាអ្នកនាំសិរីមង្គលចូលក្នុងគ្រួសារនេះហើយ។ ហេតុនេះផ្ទះនៅផ្លូវខ្យល់ប្រៀបដូចជាការបើកឱ្យរឿងល្អៗចូលផ្ទះបានផងដែរ។

៦.​ ផ្ទះជាប់មាត់ទឹក

ផ្ទះមាត់ទឹកមិនត្រឹមតែមានទេសភាពស្អាតតែម្យ៉ាងទេ ប៉ុន្តែនឹងជួយឱ្យអ្នកស្នាក់នៅទទួលបានថាមពលល្អចាំជ្រោមជ្រែង ជួយ​ឱ្យទទួលតែភាពជោគជ័យ​មានសុភមង្គល រួមទាំងទ្រព្យសម្បត្តិហូរហៀរទៀតផង។

៧.​ ទ្វារផ្ទះ

ទ្វារផ្ទះដែលល្អឬតំណែងនាគខៀវ គឺត្រូវស្ថិតនៅខាងឆ្វេងនៃតួផ្ទះ។​ ដោយសារតែទីតាំងនេះនៅពេលមានការបិទបើកទ្វារកាន់តែញឹកប្រៀបដូចជាការលើករាសី នាំលាភសំណាង និងបើកឱ្យទ្រព្យសម្បត្តិហូរចូលផ្ទះ។

៨. ជណ្តើរ

ជណ្តើរដែលមានសិរីមង្គលត្រូវមានចំនួនកាំជាលេខសេស។ ​ទីតាំងដែលសមរម្យបំផុត គឺត្រូវដាក់ជាប់គែមផ្នែកខាងក្នុងផ្ទះខាងណាក៏បានដែរ​។

៩. ជម្រៅផ្ទះ

ផ្ទះត្រូវតែមានរាងចតុកោណ និងជម្រៅវែង។ ផ្ទះដែលមានរាងបែបនេះនឹងជួយឱ្យសមាជិកក្នុងគ្រួសារមានភាពរីកចម្រើននៅក្នុងវិស័យការងារ ជីវិតចេះតែរីកចម្រើនរុងរឿងទៅមុខ រកស៊ីមានបាន និងរស់នៅប្រកបដោយសុភមង្គល។

១០. ផ្លូវដើរ

ផ្លូវដើរចូលផ្ទះ មិនថាមានទំហំនិងប្រវែងប៉ុណ្ណាទេត្រូវតែមានទំហំប៉ុៗ​គ្នា​និងរាបស្មើរ​។​ ភាពដូចគ្នានេះ វានឹងជួយក្នុងរឿងសុខដុមរមនាធ្វើឱ្យក្រុមគ្រួសារកាន់តែមានភាពជិតស្និទ្ធ។

រឿងសុភមង្គលរួមទាំងរឿងលុយកាក់ត្រូវចាប់ផ្តើមដោះស្រាយចេញពីមនុស្សក្នុងផ្ទះជាមុនសិន។ ជាធម្មតាមិនថាបញ្ហាអ្វីក៏ដោយច្រើនតែកើតឡើងពីសមាជិកនៅក្នុងផ្ទះទោះបីជាផ្ទះតូចប៉ុណ្ណាប្រសិនបើមនុស្សក្នុងផ្ទះចេះស្រឡាញ់គ្នាក៏អាចក្លាយជាផ្ទះដែលគួរឱ្យចង់រស់នៅបានដែរ៕