ភ្នំពេញ ៖ មានមនុស្សមិនតិចនាក់នោះទេ ដែលជាពិសេសអ្នកដែលប្រឡូកការងារជាភ្នាក់ងារលក់អចលនទ្រព្យតែងត្អូញត្អែរ​ ពីការធ្លាក់ចុះនៃការលក់​របស់ខ្លួនដោយដាក់បន្ទុកទៅលើវិបត្តិជំងឺកូវីដជាសំខាន់ រហូតមានអ្នកខ្លះស្ទើរបោះបង់ចោលការងារហើយងាកទៅរកអាជីពថ្មីជំនួសក៏មាន។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEY THMEY Real Estate បានទទួលស្គាល់ថា នៅក្នុងបរិបទនេះ មិនមែនមានតែ​វិស័យ​អចលនទ្រព្យឬទីផ្សារទិញលក់អចលនវត្ថុនោះទេដែលទទួលរងនូវផលប៉ះពាល់ ពោលគឺស្ទើរតែគ្រប់វិស័យទាំងអស់ ដែលមានការធ្លាក់ចុះប៉ុន្តែសម្រាប់​អ្នកដែលមានជំនាញ មានភាពឆ្លាតវៃនៅតែអាចលក់បានគ្រាន់តែមានចំនួនតិចជាងពេលមុនតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា នៅក្នុងទីផ្សារអចលនទ្រព្យមានក្រុមហ៊ុនចុះបញ្ជីនិងមិនចុះបញ្ជីសរុប មិនក្រោម៣០០ក្រុមហ៊ុននោះទេ ហើយមានភ្នាក់ងារលក់ រាយរាប់​ពាន់​នាក់ដែលកំពុងប្រតិបត្តិនៅក្នុងទីផ្សាររួមដែលកំពុងជួបបញ្ហាប៉ុន្តែជាលទ្ធផលក្នុងចំណោមអ្នកទាំងនោះនៅតែមានអ្នកខ្លះអាចទទួលបាន ផល ប្រយោជន៍ប្រាក់ចំណេញពីការងារជាភ្នាក់ងាររបស់ពួកគេ ដែលកើតចេញពីភាពឆ្លាតវៃ ជំនាញនិងកិច្ចទំនាក់ទំនង។

លោក វិនឈុនហ៊ាត បានមានប្រសាសន៍បញ្ជាក់ថា “ភាគច្រើនភាពបរាជ័យរបស់ភ្នាក់ងារ គឺកើតចេញពីកត្តាសំខាន់ៗចំនួន៤គឺទី១ ខ្វះខាតផ្នែកចំ​ណេះ​ដឹង​ពី​ទីផ្សារ​ដែលពាក់ព័ន្ធ ទី២ ខ្វះជំនាញផ្នែកទំនាក់ទំនងទី៣ ខ្វះស្មោះត្រង់ និងភាពអត់ធ្មត់ និងទី៤ ខ្វះភាពជំនាញក្នុងការប្រើប្រាស់​បណ្តាញសង្គមដែលជាមធ្យោបាយមួយយ៉ាងសំខាន់និងចាំបាច់បំផុតសម្រាប់ជាជំនួយដល់ការលក់នៅពេលបច្ចុប្បន្ន”។

លោកបានបញ្ជាក់ថាមិនថាចំពោះការផ្សព្វផ្សាយលក់គម្រោងខុនដូ គម្រោងលំនៅដ្ឋាន ឬជាគម្រោងដីឡូតិ៍នៅតាមតំបន់ជាយក្រុងនិងតាមបណ្តា​ខេត្ត​នោះទេ ប្រសិនបើខ្វះចំណុចណាមួយនៅក្នុងចំណោមទាំង៤ខាងលើនេះ​នោះភាពជោគជ័យទៅលើការលក់គម្រោងអាចនឹងពិបាកទទួលបានបន្តិច។ ដូច្នេះសម្រាប់អ្នកដែលមានអាជីព និងកំពុងអនុវត្តនៅក្នុងទីផ្សារមួយនេះត្រូវបំពេញនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែមដើម្បីអាចឈាន​ទៅរកការសម្រេច​គោល​ដៅបាន៕