តំបន់អារិយ្យក្សត្រ ល្វាឯមនឹងត្រូវកាត់ពីខេត្តកណ្ដាល ចូលជាខណ្ឌថ្មីមួយរបស់ក្រុងភ្នំពេញ។

ភ្នំពេញ៖ ដោយការរីកចម្រើនរបស់ក្រុងភ្នំពេញ នោះនឹងត្រូវកាត់តំបន់មួយចំនួន ក្នុងខេត្តកណ្ដាល អារិយ្យក្សត្រ ល្វាឯម នឹងត្រូវកាត់មកដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងភ្នំពេញ ហើយស្ពានពីរទៀតនឹងត្រូវសាងសង់ដើម្បីតភ្ជាប់តំបន់នេះ។ នេះបើតាមប្រសាសន៍ របស់សម្ដេចហ៊ុនសែន កាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា តំបន់អារិយ្យក្សត្រ ល្វា​ឯម នឹងត្រូវកាត់មកចូលក្នុងក្រុងភ្នំពេញ ឲ្យក្លាយជាខណ្ឌមួយរបស់ក្រុងភ្នំពេញហើយស្ពានថ្មីពីរទៀត នឹងត្រូវសាងសង់ ដើម្បីតភ្ជាប់ផងដែរ ពីតំបន់ជ្រោយចង្វារមកអារិយ្យក្សត្រ និងស្ពានមួយទៀតពី ផ្លូវជាតិលេខ១ ត្រង់ចំនុចក្ដីតាកុយ មកល្វាឯមដើម្បីតភ្ជាប់ទំនាក់ទំនង និងការអភិវឌ្ឍន៍

សូមបញ្ជាក់ដែរថា សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលបានទទួលស្រោចស្រពព្រះសុគន្ធវារី ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក មាន៖ ១)សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, ២)សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២និង ៣) សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣៕