ភ្នំពេញ៖ សំណង់ដែលប្រើប្រាស់ក្នុងគោលដៅក្រៅពីលំនៅឋាន តម្រូវឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពក្នុងរយៈពេលយ៉ាងយូរ៥ឆ្នាំ គិតចាប់ពីថ្ងៃចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់។ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពនេះ ត្រូវបន្តអនុវត្តជាទៀងទាត់រៀងរាល់៥ឆ្នាំម្ដងយ៉ាងយូរ។
មានត្រា៤៧នៃច្បាប់សំណង់បញ្ជាក់ថា សម្រាប់សំណង់ដែលប្រើប្រាស់ក្នុងគោលដៅលំនៅឋាន តម្រូវឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពក្នុងរយៈពេលយ៉ាងយូរ១០ឆ្នាំ គិតចាប់ពីថ្ងៃចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់។ ការត្រួតិនិត្យគុណភាព និងសុវត្ថិភាពនេះត្រូវបន្តអនុវត្តជាទៀងទាត់ក្នុងរយៈពេលរៀងរាល់១០ ឆ្នាំម្ដងយ៉ាងយូរ ។
ការត្រួតពិនិត្យ និងការចេញសេចក្តីបញ្ជាក់អំពីគុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យ នៃសំណង់ត្រូវធ្វើឡើងសម្រាប់រយៈពេលពីរឆ្នាំម្តង។ បរិក្ខារសំណង់ដែលងាយបង្កគ្រោះថ្នាក់តម្រូវឱ្យមានការត្រួតពិនិត្យរៀងរាល់១ឆ្នាំម្តង។ ប្រភេទ បរិក្ខារសំណង់ដែលងាយបង្កគ្រោះថ្នាក់ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ម្ចាស់សំណង់ ឬអ្នកគ្រប់គ្រងសំណង់ មានភាពព្វកិច្ចប្រតល់លទ្ធផលនៃការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ជូនអាជ្ញាធរ ឬមានសត្ថកិច្ចក្នុងរយៈពេល១ខែ ក្រោយថ្ងៃផុតកំណត់រយៈពេលដែលតម្រូវឱ្យអនុវត្តការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់។
មានត្រា៤៨ បញ្ជាក់ទៀតថា អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ក្នុងករណីមានហានិភ័យចំពោះជីវិតមនុស្ស ទ្រព្យសម្បត្តិ ឬការប៉ះពាល់ដល់សន្តិសុខ ឬសណ្តាប់ធ្លាប់សាធារណៈ។
រាល់សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់អនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដោយអ្នកត្រួតពិនិត្យ និងបញ្ជាក់ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតផ្ដល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យចូលប្រើប្រាស់សំណង៕