ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យដែលផ្តោតសំខាន់លើប្រភេទដីធ្លី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ នៅតែមានសកម្មភាពលើការវិនិយោគ ដោយសារដីធ្លីនៅតាមតំបន់នេះ នៅមានតម្លៃសមរម្យនិងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនចូលទៅបង្ហាញវត្តមានជាបន្តបន្ទាប់ រួមមានដូចជារោងចក្រសហគ្រាស និងតំបន់សួនឧស្សាហកម្ម បាននឹងកំពុងបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិមួយនេះ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមាន្រសាសន៍ប្រាប់ Kramapost ថាតំបន់ផ្លូវជាតិ​លេខ​៥១ នៅពេលបច្ចុប្បន្ននេះ នៅតែបន្តមានសកម្មភាពទិញលក់ជាធម្មតា ទាស់ត្រង់ថា មិនសូវផុសផុលដូចមុនពេលផ្ទុះកូវីដក្នុងសហគមន៍ ហើយតម្លៃដីធ្លីក៏​នៅធូរថ្លៃ។ 

អ្វីដែលសំខាន់គឺទំហំដីនៅតំបន់នេះនៅមានវិសាលភាពធំទូលាយ មិនចាញ់តំបន់ផ្សេងៗនោះឡើយ ដែលអាចបង្កភាពងាយស្រួលក្នុងការ​ទិញ​ត្រៀម​អភិវឌ្ឍន៍គម្រោងធំៗណាមួយ ខណៈដែលតំបន់នេះក៏កំពុងក្លាយជាតំបន់ឧស្សាហកម្មជាយក្រុងដែលប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាសឃ្លាំងស្តុកទំនិញ និងផ្សារតំបន់ផងដែរ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បញញជាក់ថា៖ “រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱ្យរោងចក្រ សហគ្រាសផ្សេងៗ រើទីតាំងចេញពីទីក្រុង  ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ ដែលភាគច្រើនគម្រោងទាំងនោះបានបាញ់ឆ្ពោះទៅកាន់នៅតំបន់ផ្លូវ៥១នេះ ដែលធ្វើឱ្យតម្លៃនៅទីនេះកាន់តែឡើងថ្លៃជាបន្តបន្ទាប់កាលពីចុងឆ្នាំ២០២១៩ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនិងជាទីបណ្តុំប្រជុំជននៅជាប់ផ្លូវធំតែម្ដង”។

លោកថ្លែងបន្តថា ៖ “តម្លៃដីនៅតាមផ្លូវនេះមានតម្លៃចាប់៤០ រហូតដល់ ១០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េអាស្រ័យទៅតាមប្រភេទនៃសណ្ឋានដីនិងទីតាំងរបស់ដី។ តំបន់ជាប់ផ្លូវ៥១ និងតំបន់ក្បែរគ្នាគឺនៅមានដីទំនេរច្រើន ហើយបើទិញនាពេលបច្ចុប្បន្ននេះ អាចនៅមានតម្លៃធូរថ្លៃបន្តិច ព្រោះក្នុងវិបត្តិកូវីដគ្មានអ្នកទិញមិនអាចតម្លើងតម្លៃបានប៉ុន្តែបើរង់ចាំទៅថ្ងៃខាងមុខបន្តិចទៀត  ឬក្រោយស្ងប់ស្ងាត់បញ្ហាកូវី តម្លៃវាអាចនឹងកើនឡើងមួយកម្រិតទៀតជាពិសេសបន្ទាប់ពីមានគម្រោងធំចូលទៅអភិវឌ្ឍន៍នៅតំបន់នេះកាន់តែច្រើន”។

គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៥១តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងមានចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញគិតពីតំបន់ចោមចៅ ទៅផ្សារថ្នល់ទទឹង។ 

បច្ចុប្បន្នផ្លូវជាតិ១ខ្សែនេះក៏ស្ថិតនៅក្នុ្ងងគម្រោងកែលម្អ និងស្ថាបនាឡើងវិញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននិងសាងសង់ជាផ្លូវក្រវ៉ាត់ក្រុងទី ៤ ដែលនៅថ្ងៃខាងមុខតំបន់ដែលស្ថិតនៅស្រប​សងខាងផ្លួវ​នេះ​អាចនឹងក្លាយទៅជាទីបណ្តុំលំនៅឋានរោងចក្រសហគ្រាស និងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងអ៊ូអរជាមិនខាន៕