ភ្នំពេញ៖ ដីធ្លីនៅតាមបណ្តោយផ្លូវជាតិ ៦០ ម៉ែត្រ ឬ មហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានតម្លៃដល់ជាង ២០០០ ដុល្លារអាមេរិកក្នុងមួម៉ែត្រការ៉េ នៅផ្នែកមួយចំនួន ហើយនៅតំបន់គៀកក្រុង កាន់តែមានតម្លៃខ្ពស់ជាងនេះ ខណៈដែលនៅក្នុងតំបន់នេះ បាននឹងកំពុងមានការអភិវឌ្ឍថ្មីស្របតាមផែនការពង្រីកក្រុងរបស់រាជរដ្ឋាភិបាល។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅដើមឆ្នាំ២០២១ នេះ ដីធ្លីនៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រនេះមិនមានការឡើងថ្លៃនោះទេ បើទោះបីមានគម្រោងវិនិយោគផ្សារទំនើប អេអន ៣ គម្រោងផ្សារប៉េងហួត ត្រូវបានសាងសង់ កាលពីឆ្នាំ២០២០ ។ ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា តម្លៃដីនៅតំបន់នេះ បានឡើងរួចហើយនៅក្នុងឆ្នាំ២០១៩ ហើយតម្លៃវាអាស្រ័យលើជាដីប្រភទេ លំនៅឋាន ឬ ដីពាណិជ្ជកម្ម ។
លោកស្រី អាន សុធីតា បានថ្លែងបន្តថា « ដីពាណិជ្ជកម្ម មានតម្លៃជាង ២០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយដីលំនៅឋានមានតម្លៃ ៥០០ ទៅ ៧០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយនៅពេលអនគត តម្លៃដីប្រភេទពាណិជ្ជកម្មនៅទីនេះអាចនឹងនៅថេ ក្នុងរយៈពេល ១ ទៅ ២ ឆ្នាំទៀត ដោយសារតែដីនៅតំបន់នេះទាមទារឱ្យមានការអភិវឌ្ឍន៍លំនៅឋានច្រើនជាង»។
ចំណែក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានបង្ហាញពីការយល់ឃើញថា សម្រាប់តម្លៃនៅទីនេះ មានតម្លៃចន្លោះពី ១៨០០ ទៅ ២៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមប្រភេទដី ប៉ុន្តែបើដីក្នុងទំហំធំ វាអាចមានតម្លៃក្រោយតម្លៃនេះ។
លោក ច្រឹក សុខនីម បានទទួលស្គាល់ដែរថា តម្លៃនេះបើធៀបជាមួយនឹងឆ្នាំ២០២០ គឺមិនឡើងនោះទេ ហើយនៅតំបន់នេះ ក៏មិនសូវមានប្រភេទដីធំលក់ដែរ ពោលគឺមានតែប្រភេទដីទំហំតូចៗ។ ប៉ុន្តែ បើមានប្រភេទដីធំៗ ក៏មិនមានអ្នកទិញដែរនៅក្នុងពេលដែលកំពុងកើតមានវិបត្តិនេះ ។
លោក Russel Timzon អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Prestige Home (Cambodia) Co.,Ltd. បានយល់ថា តម្លៃដីនៅតំបន់ផ្លូវ៦០ ម៉ែត្រែនេះ មិនថោក ឬថ្លៃនោះទេ គឺមានចន្លោះពី ១៥០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬក៏អាចមានតម្លៃខ្ពស់ជាងនេះបន្តិចអាស្រ័យទៅលើទីតាំង។
លោក Russel បន្តថា បញ្ហាដែលវិនិយោគិនកំពុងប្រឈមនាពេលនេះ គឺអចលនទ្រព្យភាគច្រើននៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រនេះ លក់ក្នុងទំហំធំៗ លើសពីមួយ ឬពីរហិកតា។ ដូច្នេះ វិនិយោគិនខ្លះកំពុងស្វែងរកដៃគូ ដើម្បីទិញដីនៅទីនោះសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
នៅតាមបណ្តោយ ផ្លូវ៦០ម៉ែត្រនេះមានគម្រោងវិនិយោគធំៗចូលទៅយ៉ាងច្រើន ដូចជា ផ្សារទំនើប គម្រោងបុរី លំនៅឋាន អគារការិយាល័យ និង អគារពាណិជ្ជកម្មជាដើម។ គម្រោងទាំងនេះនឹងប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍ៍មួយដ៏សំខាន់ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅបែបទំនើប និងការធ្វើពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញ៕