រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ ការនាំចេញរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ សរុប១១,០៨៦លានដុល្លារ ខណៈការនាំចូល សរុបជាង១៨ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេលដូចគ្នានេះធៀបនឹងឆ្នាំ២០២០ ការនាំចេញរបស់កម្ពុជា គឺបានធ្លាក់ចុះ៥.៣៧% ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ (កាបូប) ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី កង់ អង្ករ គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ កៅស៊ូក្រែប ស្ករអំពៅ បន្លែ និងផ្លែឈើ និងមុខទំនិញជាច្រើនទៀត។

ខណៈទំនិញដែលកម្ពុជាបាននាំចូល រួមមាន៖ វាយនភ័ណ្ឌ សម្ភារៈសំណង់ ដែក ស៊ីម៉ង់ត៍ ទឹក រួមទាំងទឹករ៉ែ និងទឹកមានឧស្ម័ន ស្រាបៀរ និងស្រាចម្រុះ រថយន្ដ ផលិតផលឱសថ ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឬ ស្មៅ គ្រឿងអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី និងមុខទំនិញផ្សេងៗ ជាច្រើនទៀត។

សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ សរុប១៧,២១៥លានដុល្លារ ខណៈការនាំចូល សរុប១៨,៥៩០លានដុល្លារ៕