ក្រុងព្រះសីហនុ៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។
អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទ ស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន ការកសាងសមត្ថភាព នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រ និងជំនួយលើវិស័យក៏ដូចជាមុខជំនាញជាច្រើនពីខាងមិត្តចិន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។
តបតាមការអញ្ជើញពីមិត្តចិន ឯកឧត្តមទេសរដ្ឋមន្ត្រី បានយល់ព្រមចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញឯកឧត្តម Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM)ផងដែរដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ហើយជាការឆ្លើយតបភាគីចិនបានយល់ព្រមតាមការអញ្ជើញនេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Li Xiaopeng ដែលបានជម្រាបជូនអំពីវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេស ចិនមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា៕