រាជធានីភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះវត្តមាននៃគម្រោងវិនិយោគថ្មី ដែលកម្ពុជាទទួលបានក្នុងរយៈពេល៩ខែសរុបចំនួន១៣៤គម្រោង មានទំហំទឹកប្រាក់សរុបជាង ៣,៣ពាន់លានដុល្លារអាមេរិក នោះដែលវាជាសញ្ញាបង្ហាញពីភាពវិជ្ជមានចំពោះពន្លឺសេដ្ឋកិច្ចរបស់កម្ពុជា។
នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០១ គម្រោង សរុបទុនវិនិយោគ ១,៤ ពាន់លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៣ គម្រោង សរុបទុនវិនិយោគ ១,៩ ពាន់លានដុល្លារអាមេរិក។ សម្រាប់វិស័យដែលគម្រោងវិនិយោគផ្តោតរួមមានដូចជា ៖ វិស័យកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១២គម្រោង, វិស័យឧស្សាហកម្ម មានចំនួន ១១១ គម្រោង, វិស័យទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានចំនួន៩គម្រោង។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ចំនួននៃគម្រោងវិនិយោគថ្មីដែលកម្ពុជាទទួលបានក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ គឺមានការធ្លាក់ចុះ ប៉ុន្តែវាជាសញ្ញាវិជ្ជមានដែលគួរសាទរសម្រាប់កម្ពុជា ខណៈដែលកម្ពុជាបានជួបនឹងភាពប្រឈមសេដ្ឋកិច្ចក្រោយឥទ្ធិពលនៃវិបត្តិការរាតត្បាតនៃជំងឺជាសាកលក៏ដូចជានៅក្នុងសហគមន៍ប្រទេសកម្ពុជា។
លោកឧកញ៉ាបានបញ្ជាក់ថា ៖ «វាជាសញ្ញាល្អរបស់ប្រទេសកម្ពុជា ហើយខ្ញុំជឿជាក់ថារហូតដល់ដំណាច់ឆ្នាំ២០២១ខាងមុខនេះ កំណើននៃគម្រោងវិនិយោគថ្មីពិតជាមានបន្ថែមទៀតខណៈដែលកម្ពុជាបានក្លាយជាគោលដៅវិនិយោគដ៏មានសក្ដានុពលរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ»។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាកថា ៖ « ពេលនេះ កម្ពុជាមានភាពល្អប្រសើរជាច្រើននិងអាចផ្តល់ផលចំណេញដល់បណ្តាក្រុមហ៊ុនអន្តរជាតិដែលមកកាន់កម្ពុជា ព្រោះកម្ពុជាទទួលបានភាពអនុគ្រោះពន្ធ GSPពីសហរដ្ឋអាមេរិក ជាពិសេសចក្រភពអង់គ្លេសរួមជាមួយការទទួលបាន EBA ពីសហភាពអឺរ៉ុប ហើយបន្ថែមពីនេះកម្ពុជានៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទីផ្សារមហាយក្សចិនដែលមានជាង១៤០០លាននាក់, កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូងរួមជាមួយនឹងបណ្តាប្រទេសមួយចំនួនទៀតដែលនឹងត្រៀមសម្រេចបានដូចជា ជប៉ុន ឥណ្ឌា ជាដើមខណៈដែលកម្ពុជាបានបង្កើតច្បាប់វិនិយោគថ្មី និងនីតិវិធីមួយចំនួន ដែលអាចជួយសម្រួលដល់ការវិនិយោគយ៉ាងល្អប្រសើរបំផុត»៕