ក្នុងជីវិតការងារ មនុស្សម្នាក់ៗតែងមានគោលបំណងនិងគោលដៅផ្សេងៗគ្នាទាំងអស់។ មានអ្នកខ្លះចូលបម្រើការងារដើម្បីជីវភាព លុយកាក់ឬដើម្បីកុំឱ្យទំនេរ ខណៈអ្នកខ្លះទៀតចូលបម្រើការងារដើម្បីអភិវឌ្ឍខ្លួន ឬដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនជាដើម។
លោក Steven R. Covey អ្នកនិពន្ធសៀវភៅ 7 Habits of Highly Effective People បានលើកឡើងថា មនុស្សម្នាក់ៗគួរចេះផ្សារភ្ជាប់ក្តីស្រមៃរបស់ខ្លួន ជាមួយនឹងស្ថាប័នដែលខ្លួនធ្វើការងារ ទើបអាចរីកចម្រើនជាមួយភាពឈ្នះៗ។ ភាពឈ្នះៗនៅកន្លែងនេះមានន័យថា កាលណាបុគ្គលិកគ្រប់គ្នាមានគោលដៅជីវិតស្របជាមួយនឹងគោលដៅរបស់ស្ថាប័ននោះក្រុមហ៊ុន ឬស្ថាប័ននឹងទទួលបានភាពរីកចម្រើនដោយសារតែមានបុគ្គលិកធ្វើការងារអស់ពីសមត្ថភាព និងថែមទាំងមានឆន្ទៈក្នុងការបន្តការងារ ដោយមិនត្អូញត្អែថែមទៀតផង។ ស្របជាមួយគ្នានេះដែរ បុគ្គលិកខ្លួនឯងវិញ ក៏ទទួលបានការរីកចម្រើន និងមោទកភាពដោយសារតែគាត់ទទួលបានទាំងថវិកា និងទាំងការសម្រេចក្តីស្រមៃរបស់ខ្លួន ជាមួយនឹងសមិទ្ធផលរបស់ស្ថាប័ន។
លោក Steven R. Covey បាននិយាយថា អ្នកដឹកនាំស្ថាប័នទាំងអស់ត្រូវតែដឹងឱ្យបានច្បាស់ ពីគោលដៅនិងបុព្វហេតុជីវិតរបស់បុគ្គលិកម្នាក់ៗ ព្រោះកាលណាអ្នកដឹកនាំបានដឹងពួកគាត់អាចនឹងព្យាយាមគ្រប់លទ្ធភាព ដើម្បីដាក់មនុស្សឱ្យត្រូវកន្លែងដែលគាត់ចង់ធ្វើ។ ការធ្វើបែបនេះ អាចនឹងធ្វើឱ្យផលិតភាពការងារកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្ថាប័នក៏រីកចម្រើនឥតឈប់ឈរដែរ។
លោក Steven R. Covey បានបញ្ជាក់ផងដែរថា សម្រាប់បុគ្គលិកគ្រប់គ្នាក៏ចាំបាច់ត្រូវតែដឹងផងដែរពីគោលដៅរបស់ខ្លួន មុនពេលចូលទៅក្នុងស្ថាប័នណាមួយ។ បុគ្គលិកចាំបាច់ត្រូវតែដឹងឱ្យបានច្បាស់លាស់ផងដែរ នូវគោលដៅជីវិតរបស់ខ្លួន ព្រោះប្រសិនបើយើងខ្លួនឯងមិនមានសូម្បីតែគោលដៅជីវិតខ្លួនឯង ច្បាស់ណាស់ថាយើងមិនអាចជួយក្រុមហ៊ុន ឬស្ថាប័នឱ្យសម្រេចគោលដៅបាននោះទេ។ បន្ថែមពីលើនេះការងារដែលយើងធ្វើ ក៏អាចនឹងឆាប់ធ្លាក់ចុះដល់ចំណុចអសកម្មដែរ ព្រោះយើងគ្មានព្រលឹងវិជ្ជាជីវៈ និងមិនមានសក្តានុពលដើម្បីជំរុញសម្មិទ្ធផលប្រកបដោយថាមពលបាននោះទេ៕